(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងដេប៉ូ ចែកចាយប្រេងមួយកន្លែង យីហោ សេង លីមជី ស្ថិតនៅផ្ទះលេខ៥៧២ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលលក់ប្រេងរំអិលម៉ាក TOTAL ក្លែងក្លាយ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន និងធ្វើឡើងតាមពាក្យបណ្ដឹងរបស់ ក្រុមហ៊ុន Tilleke & Gibbins ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

របាយការណ៍របស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ប្រេងរំអិលម៉ាក TOTAL ក្លែងក្លាយ៤ប្រភេទ ចំនួន៦ធុង ស្មើនឹង៦០០លីត្រ។ ក្រោយពីធ្វើការឆែកឆេរ តំណាងអយ្យការ បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់ យកមករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឌាន និងតម្រូវឲ្យម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕