(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានណែនាំដល់សិស្សានុសិស្ស បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កុំមានអារម្មណ៍ភិតភ័យ កុំតក់ស្លុត ពោលត្រូវយកចិត្តទុកដាក់ព្យាយាមធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អ កុំលួចមើលគ្នា ហើយត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ។

ក្នុងឱកាសអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងបឋមសិក្សាទីរួមខេត្ត លោកស្រី មិថុនា ភូថង បានគូសបញ្ជាក់ថា សម្រាប់ដំណើរការប្រឡងនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៍ និងតម្លាភាព។ លោកស្រីអភិបាលខេត្ត ក៏បានជូនឲ្យបេក្ខជនប្រឡងទាំងអស់ សូមទទួលបានជោគជ័យ និងមាននិទ្ទេសល្អឲ្យបានច្រើន។

គួរជម្រាបថា សម្រាប់ខេត្តកោះកុង មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ចំនួនសរុប១,០៥៨នាក់ (ថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម) ការប្រឡងមាន៣មណ្ឌល មណ្ឌលវិទ្យាល័យកោះកុង មណ្ឌលអនុវិទ្យាល័យ ជា ស៉ីម មណ្ឌលសាលាមឋមសិក្សាទីរួមខេត្តកោះកុង៕