(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងកងកម្លាំងនានា បានដាក់ផែនការជាថ្មី ក្នុងការបង្កើនការបោសសំអាតមីន ឱ្យមានល្បឿនលឿនជាងមុន ដើម្បីធ្វើឱ្យសម្រេចបានគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ខាងមុខ ខណៈបច្ចុប្បន្នកម្ពុជា នៅមានដីចម្ការមីនជាង ៧០០គីឡូម៉ែត្រក្រឡាទៀត។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីផែនការបោសសំអាតមីន គាំទ្រដោយមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាជាង ១លាន ១សែននាក់ រស់នៅតាមមូលដ្ឋាន កំពុងមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីកាកសំណលពីសង្គ្រាម ដែលបញ្ហានេះ គឺអាជ្ញាធរត្រូវតែបញ្ចប់នូវបញ្ហានេះ ដើម្បីសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋ និងធ្វើឱ្យដីមានសុវត្ថិភាពហើយពួកគាត់អាចប្រើប្រាស់បានដោយគ្មានការព្រួយបារម្ភ។

ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា៖ «ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ អាជ្ញាធរមីន និងភាគីពាក់ព័ន្ធ បានដាក់ផែនការពង្រឹងការងារបោសសំអាតមីន ឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ មានល្បឿនលឿនជាងមុន ដែលបញ្ហានេះសូមឱ្យប្រតិបត្តិករទាំងអស់ លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន និងពន្លឿនល្បឿនជាងមុន ធ្វើយ៉ាងណាក្នុងមួយឆ្នាំឱ្យបានជាង២០០ ទៅ៣០០គីឡូម៉ែត្រក្រឡា ទើបអាចទទួលបានជោគជ័យ»។

ទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា ក្រៅពីនេះអ្នកពាក់ព័ន្ធ បានអំពាវនាវដល់ដល់ប្រតិបត្តិករទាំងអស់ ត្រូវលើកកម្ពស់សុខសុវត្ថិភាព និងកុំឱ្យមានគ្រោះថ្នាក់ដោយសារការងារបោសសំអាតមីន, អាជ្ញាធរមីន និងកងកម្លាំងទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីបំពេញបែបបទនីតិវិធីដែលមានស្រាប់ ធ្វើឱ្យមានប្រសិទ្ធភាពនៃការងារ ហើយជំរុញឱ្យភាគីទាំងអស់ ត្រូវធ្វើទិន្នន័យពីវឌ្ឍនភាពនៃការងារបោសសំអាតមីន និងលើកផែនការឱ្យបានជាក់លាក់។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ការអនុវត្តគម្រោងសម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាព ក្នុងដំណាក់កាលទី១ ដែលអនុវត្តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានបោសសំអាតមីនជាង ៩១គីឡូម៉ែត្រក្រឡា អនុវត្តនៅលើខេត្តមួយចំនួនមានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ ស្វាយរៀង ខេត្តកំពត និងតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ ខណៈនៅចុងឆ្នាំនេះ គ្រោងនឹងប្រកាសខេត្តមួយចំនួនក្នុងចំណោមនេះ ជាខេត្តគ្មានមីនផងដែរ។

សូមម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ តាមរយៈ Facebook ផ្លូវការ សម្តេចបានផ្ញើសារជូនជនរួមជាតិខ្មែរបញ្ជាក់ពីស្ថានភាពថវិកា សម្រាប់គាំទ្រការដោះមីននៅកម្ពុជា។ ដោយថវិកាសរុបប្រមាណ ១៨,៤៧៣,៥៧០ដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនសម្រាប់ការដោះមីន ត្រូវចំណាយអស់ហើយ នៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្តេចបានពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយនឹងការទម្លាក់ថវិកាជាតិ ៣០លានដុល្លារទៅក្នុងកម្មវិធីបោសសំអាតមីននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់សប្បុរសជន ចូលរួមតាមលទ្ធភាព ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹម ជូនប្រជាពលរដ្ឋ៕