(ភ្នំពេញ)៖ លោក Christophe-André FRASSA សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណៈកម្មការនយោបាយបារាំង (APF) បានដាក់សំណើចំនួន២ ដល់កម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា សំណើចំនួនពីរនោះ រួមមាន៖

* កិច្ចសហប្រតិបត្តិការផ្លូវការរវាង APF និងសភាអន្តរសភាអាស៊ាន (AIPA)
* ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនាពេលអនាគតរបស់ APF នៅកម្ពុជា ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង ចាប់តាំងពីការបង្កើតអង្គការនេះ ក្នុងឆ្នាំ១៩៦៧។

សំណើទាំងពីរ បានធ្វើឡើងនៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ ពេលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ការងារជូនប្រធានគណៈកម្មការនយោបាយបារាំង ក្នុងអំឡុងពេលនៃបេសកកម្មសុឆន្ទៈរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា។

ភាគីកម្ពុជានឹងសិក្សាដោយយកចិត្តទុកដាក់ទៅលើសំណើទាំងពីរនេះ។ ក្នុងករណី មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរអាស៊ាន-AIPA និងអាជ្ញាធរកម្ពុជា APF នឹងឯកភាពលើសំណើនេះ។

ក្នុងកាសនោះដែរ លោក ប្រាក់ សុខុន បានរំឭកពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូនី និងបានបញ្ជាក់ថា នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីជាច្រើនរូប និយាយភាសាបារាំង។ លោក Christophe-André FRASSA បានសាទរចំពោះប្រការនេះ និង បានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងស្មោះស្ម័គ្ររបស់កម្ពុជានៅក្នុងគ្រួសារ APF ដ៏ធំនេះ ជាពិសេស នៅក្នុងកិច្ចប្រជុំសំខាន់នានារបស់ APF។

ទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកចូលរួមបោះឆ្នោតមានអត្រាខ្ពស់លើសពី ៨០% ហើយជាលទ្ធផល អាសនៈចំនួន ២០% នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកាន់កាប់ដោយគណបក្សផ្សេងៗ។ យោងទៅលើបរិបទពិភពលោកបច្ចុប្បន្ន និងអស្ថិរភាពក្នុងសកលលោក តួលេខនេះគឺជាសូចនាករដ៏ល្អសម្រាប់ការបោះឆ្នោតនីតិប្បញ្ញត្តិនៅឆ្នាំ២០២៣ ខាងមុខ។ នេះជាលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅ កម្ពុជា ដែលស្តែងឡើង ជាពិសេស តាមរយៈការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាជាង ៩៥% បានទទួលវ៉ាក់សាំង។

ប្រធានគណៈកម្មការនយោបាយ បានបង្ហាញពីបំណងពិភាក្សាពីការបោះឆ្នោតនាពេលខាងមុខនេះ ជាមួយនឹងចក្ខុវិស័យថ្មី ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ព័ត៌មាន ដើម្បីអាចឱ្យអ្នកសង្កេតការណ៍អន្តរជាតិបានដឹងអំពីសកម្មភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត នៅក្នុងក្របខណ្ឌនៃការបោះឆ្នោតនីតិប្បញ្ញត្តិនាពេលខាងមុខ។

ដោយទទួលស្គាល់ថា កំណត់សម្គាល់នេះពិតជាត្រឹមត្រូវ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក Christophe-André FRASSA និងនិយាយដោយប្រើន័យធៀបថា «សកម្មភាពដែលខ្ញុំផ្តល់ព័ត៌មាន ដូច្នេះ គឺជាសក្ខីកម្ម និងភស្តុតាងគ្រប់គ្រាន់នៃតថភាពអត្តសញ្ញាណរបស់ខ្ញុំ»

ជំនួបនេះបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយការស្ថាបនា និងបានបញ្ចប់ទៅដោយការពេញចិត្តទៅវិញទៅមករបស់ភាគីទាំងពីរ៕