(ភ្នំពេញ)៖ ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៨ហើយនៃការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ លើការប្រលងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្រោមគោលការណ៍ «អ្នកចេះ គឺជាប់»

គេនៅចាំបានថា ឆ្នាំ២០១៤ ជាពេលវេលានៃការចាប់ផ្តើមរឹតបន្តឹងដ៏តឹងរឹង ពុំធ្លាប់មានលើដំណើរការប្រលងបាក់ឌុប បន្ទាប់ពីលោក ហង់ជួន ណារ៉ុន ទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ។

សញ្ញាបត្របាក់ឌុប គឺជាសក្ខីភាពមួយដ៏សំខាន់ ដើម្បីបញ្ជាក់ពីកម្រិតចំណេះដឹងទូទៅរបស់អ្នកសិក្សារៀនសូត្ររយៈពេល១២ឆ្នាំ។ មុនឆ្នាំ២០១៤ ការប្រលងបាក់ឌុប ត្រូវបានគេមើលឃើញថា មានភាពធូររលុង រហូតដល់ធ្វើឱ្យអ្នកសិក្សាមួយចំនួនផ្តេកផ្តួលលែងខ្វាយខ្វល់លើការសិក្សារបស់ពួកគេ ហើយរង់ចាំលើការចម្លងនៅពេលពួកគេប្រលងទៅវិញ។ ទម្លាប់នេះ បានទាញទម្លាក់គុណភាពសិក្សាអប់រំរបស់សិស្សមួយចំនួន រហូតសិស្សខ្លះចប់បាក់ឌុប អាន និងសរសេរអក្សខ្មែរស្ទើរមិនតែមិនត្រូវ។

តែចាប់ពីឆ្នាំ២០១៤មក អ្វីៗត្រូវបានប្រែប្រួល។ លោក ហង់ជួន ណារ៉ុន មិនត្រឹមតែប្រឹងប្រែងពង្រឹងគុណភាពអប់រំនៅក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែលោកបានដាក់ចេញគោលការណ៍តឹងរឹងម៉ឺងម៉ាត់នៅពេលប្រលង ដោយមិនឱ្យមានការលួចចម្លងជាដាច់ខាត។ ភាពម៉ឺងម៉ាត់លើការប្រលងនេះ មិនមែនជួយត្រឹមឱ្យការប្រលងបានល្អប្រសើរនោះទេ តែក៏ជាជួងផ្តល់សញ្ញាឱ្យសិស្សភ្ញាក់រលឹកស្វាធ្យាយសិក្សារៀនសូត្រ ដោយមិនផ្តេកផ្តួលលើការចម្លងទៀតនោះឡើយ។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់យ៉ាងដូច្នេះ «អ្វីដែលយើងសប្បាយចិត្តឃើញថា សិស្សានុសិស្សរបស់យើងគាត់ខិតខំប្រឹងប្រែងរៀនសូត្រ កាត់ផ្លាស់ប្តូរឥរិយាបថពីការមកប្រលងពឹងលើការបើកចម្លង មកប្រលងឈរលើមូលដ្ឋានចំណេះដឹងរបស់គាត់»

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យលើការប្រលងបាក់ឌុប ក៏ដូចជាការអប់រំចំណេះដឹងទូទៅនេះ មានកត្តសំខាន់ចំនួន៤ រួមមាន៖ កត្តានាយក កត្តាគ្រូ កត្តាសិស្ស និងការចូលរួមរបស់អាណាព្យាបាល។ បន្ថែមពីលើនេះការផ្តល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យសិស្សនិទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់ ក៏ជាកត្តាលីករលើកទឹកចិត្តឱ្យសិស្សៗប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រនេះផងដែរ។

ការអប់រំនៅកម្រិតចំណេះដឹងទូទៅ គឺជាមូលដ្ឋានចំណេះដឹងដ៏សំខាន់សម្រាប់អ្នកសិក្សារៀនសូត្រ មុននឹងពួកគេបោះជើងឆ្ពោះទៅចាប់យកជំនាញផ្សេងៗនៅថ្នាក់ឧត្តមសិក្សា។ បើការអប់រំកម្រិតចំណេះដឹងទូទៅមិនបានល្អប្រសើរ វានឹងនាំឱ្យការសិក្សាជំនាញនៅថ្នាក់ឧត្តមសិក្សាជួបការលំបាកផងដែរ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នកចូលរួមសហការយ៉ាងសកម្មតាំងពីឆ្នាំ២០១៤ លើដំណើរការកំណែទម្រង់ប្រឡងបាក់ឌុបនេះ បានសម្តែងការគាំទ្រ ហើយបានមើលឃើញថា ការកែទម្រង់ប្រលងបាក់ឌុបពិតជាមានសារៈសំខាន់លើការអប់រំ។ លោក ហ៊ុន ម៉ានី បានហៅនេះការធ្វើកំណែទម្រង់ឱ្យដើរស្របតាមការវិវឌ្ឍជាសាកល។

អ្នកស្រី ទេព ឧឡារីន បានបង្ហាញការពេញចិត្ត និងគាំទ្រពេញទំហឹងចំពោះការធ្វើកំណែទម្រង់នេះ។

អ្នកស្រី បានហៅការធ្វើកំណែទម្រង់នេះ បានផ្តល់នូវយុត្តិធម៌មួយជូនដល់អ្នកសិក្សា ពោលអ្នកមានសមត្ថភាព គឺអាចទទួលបានសញ្ញាបត្រ៕