(កំពង់ឆ្នាំង)៖ ពិធីប្រណាំងទូកមាន៖ ទូកង ទូកមួង និងទូកប្រពៃណី ខ្នាតអន្តរជាតិ នៅដងទន្លេសាបមាត់ទន្លេផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំង និងពិធីកំសាន្តនានា ដែលជាព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ បានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោក ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក លោកស្រី អភិបាលរងខេត្តក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំស្រុក ក្រុង អាជ្ញាធរ មន្ត្រីរាជការព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញមកចូលរួមទស្សនាកំសាន្តយ៉ាងសប្បាយរីករាយផងដែរ។

ថ្ងៃបិទបញ្ចប់ពិធីបុណ្យអុំទូក និងពិធីកម្សាន្តផ្សេងៗ ដែលបានប្រារព្ធធ្វើនៅក្នុងក្រុងកំពង់ឆ្នាំង រយៈពេល២ថ្ងៃកន្លង មកនេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ក៏ជាថ្ងៃពិធីប្រណាំងទូកង ទូកមួង និងទូកប្រពៃណីខ្នាតអន្តរជាតិ ដែលមានទូកចំនួន៣០ ត្រូវមកអុំប្រណាំងក្នុងនោះ ក៏មាន១២ខេត្តដែលបានបញ្ជូនទូកមកចូលរួមអុំប្រណាំងផងដែរ និងមានកីឡាករកីឡាការិនីជាអ្នកអុំទូក និងចែវទូកសរុបប្រមាណ១ពាន់នាក់។ ក្នុងនោះមានទូក ខ្នាតអន្តរជាតិចំនួន១៧ទូក, ទូកចែវនារី១ទូក, ទូកចែវបុរស៨ទូក និងទូកអុំចំនួន៤ទូក។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះឲ្យដឹងថា ពិធីបុណ្យអុំទូក និងពិធីកំសាន្តផ្សេងៗ ដែលរដ្ឋបាលខេត្តបានប្រារព្ធក្នុងក្រុងកំពង់ឆ្នាំងកន្លងមកនេះ គឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ដែលបង្កលក្ខណៈសប្បាយៗដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ ដែលបានអញ្ជើញមកចូលរួម។

លោកបានបញ្ជាក់ទៀតថា ពិធីនេះគឺមានសារៈសំខាន់៣យ៉ាង ទី១៖ ផ្ដល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងខេត្តបានដើរលេងកម្សាន្ត, ទី២៖ គឺបានផ្សព្វផ្សាយអំពីសក្តានុពល នៃភាពរីកចម្រើនរបស់ខេត្ត និងផ្សព្វផ្សាយនូវសក្តានុពលអំពីភ្ញៀវទេសចររបស់ខេត្ត ជាពិសេសទៀតនោះ ដើម្បីជាការផ្សព្វផ្សាយដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ឲ្យបានឃើញថា ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានសុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាង ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃយើង។

លោកក៏បានបញ្ជាក់ផងដែរថា រយៈពេល២ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមទស្សនាកំសាន្ត ក្នុងពិធីបុណ្យក្នុងក្រុងកំពង់ឆ្នាំង សរុបមានចំនួន២០៦,២០០នាក់ ភ្ញៀវបរទេសចំនួន៤៥នាក់។

ចំពោះលទ្ធផលនៃការប្រណាំងទូក ដោយយោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រណាំងទូកខាងលើនេះ បានបញ្ជាក់ថា

១៖ ទូកចែវផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ (ប្រពៃស្រពណ៍)ទូកមកពីស្រុកជល់គីរី,
២៖ ទូកចែវផ្នែកបុរស ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ (ច័ន្ទតារារស្មីបារមីវត្តសម្ដេចចៅហ្វាជូនហនុមានឬទ្ធិសម្ដេចចៅហ្វាវាំងគង់) ទូកស្រុកកំពង់ត្រឡាច, ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ (ហនុមានឫទ្ធិសម្ដេចចៅហ្វាវាំងគង់) ទូកស្រុកជលគីរី, ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ (សម្ដេចចៅហ្វាងវាំងគង់) ទូកស្រុកបរិបូរណ៍,
៣៖ ទូកខ្នាតអន្តរជាតិផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកទូកឈ្មោះ (ព្រះខ័នមានជ័យបារមីបូព៌ា) ទូកខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ (គ្រុឌសែនជ័យបារមីនរាយណ៍) ទូកខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ (ព្រះវិហារសែនជ័យបារមីភ្នំត្បែង) ទូកខេត្តព្រះវិហារ,
៤៖ ទូកអុំផ្នែកបុរស ទូកចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ (នាងសុវណ្ណមច្ឆាតេជោ) ទូកមកពីខេត្តកណ្ដាល, ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ (ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ) ទូកខេត្តកំពង់ចាម, ទូកដែលទទួលបានចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ (ចៅហ្វាវាំងគង់កំពង់ត្រ ឡាច) ទូកមកពីស្រុកកំពង់ត្រឡាច។

សូមបញ្ជាក់ថា ទូកដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា៤លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៣លានរៀល និងទូកដែលទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា២លានរៀល ចំពោះទូកដែលពុំបានជាប់ចំណាត់ ថ្នាក់ក៏ត្រូវបានទទួលថវិកា១លានរៀល ក្នុងទូកមួយផងដែរ។

នៅក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំកម្មវិធីប្រណាំងទូកក្នុងពេលនេះ គឺបានបង្កភាពរីករាយដល់ប្រជាពលរដ្ឋ។ លោកស្រីបានបញ្ជាក់ថា ស្ថិតក្រោមម្លប់សន្តិភាពទើបយើងមានការជួបជុំគ្នាក្នុងពិធីបុណ្យអុំទូកនេះ។ ពិធីនេះ បានបង្ហាញពីការសាមគ្គីភាពគ្នា រវាងក្រុមកីឡាករជាប្រជាពលរដ្ឋយើង ក៏ដូចជារួមគ្នាអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យក្រោមម្លប់សន្តិភាព។

លោកស្រីថា បើគ្មានសន្តិភាពយើងពិតជាគ្មានឱកាសជួបជុំគ្នាដូចពេលនេះទេ ដែលនេះ គឺជាគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិសេសការយកចិត្តទុកដាក់រកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋទប់ស្កាត់ និងលុបបំបាត់ជំងឺកូវីដ១៩ ទើបយើងបើកប្រទេសឡើងវិញ និងបានធ្វើបុណ្យអុំទូកក្នុងពេលនេះ និងមានការជួបជុំប្រជាពលរដ្ឋយើងយ៉ាងច្រើនកុះករ។

លោកស្រីក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋបន្តទៀត ក្នុងការបោះ ឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខនេះ ឲ្យទទួលបានជោគជ័យដល់ត្រចះត្រចង់ជាងនេះទៀត ដើម្បីយើងទាំងអស់គ្នារស់នៅក្រោមដំបូលសន្តិភាពដូចសព្វថ្ងៃនេះជាបន្តទៀត៕