(រតនគិរី)៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក មុំ ភាព តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានចុះត្រួតពិនិត្យតាមមណ្ឌល មុនថ្ងៃប្រឡងទុតិយភូមិ (បាក់ឌុប) ក្នុងក្រុងបានលុង នៅថ្ងៃស្អែក (៥ខែធ្នូ) ។

បើតាមលោកខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី ប្រាប់ឲ្យដឹងថា សម្រាប់ប្រឡងទុតិយភូមិឆ្នាំនេះ មាន៣មណ្ឌលប្រឡង គឺមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ, មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី និងមណ្ឌលប្រឡងអនុវិទ្យាល័យ ប៊ូ ថងទេសអន្លុង។
លោកបន្តថា បេក្ខជនសរុបចំនួន១,៦០៦នាក់ (ស្រី៧៩០នាក់) ក្នុងនោះជនជាតិជាតិដើមភាគតិច ចំនួន៥១០នាក់ (ស្រី២៤៧នាក់) ដោយក្នុងនោះបេក្ខជនចំណេះទូទៅចំនួន១,២៨៤នាក់ (ស្រី៦៧៥នាក់), បេក្ខជនស្វៃរិនចំណេះទូទៅ មានចំនួន១១៧នាក់ (ស្រី៥៥នាក់) និងបេក្ខជនថ្នាក់បំពេញវិជ្ជាមានចំនួន២០៥នាក់ (ស្រី៧៨នាក់)។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា បន្ទប់សម្រាប់បេក្ខជនប្រឡងមានចំនួន៦៦បន្ទប់ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ លើមុខវិជ្ជាចំនួន៧ ក្នុងភាសាបរទេសជាវិញ្ញាសារតាមស្ម័គ្រ (បេក្ខជនទាំងអស់បានជ្រើសរើសភាសាអង់គ្លេស)។

ក្នុងឱកាសចុះត្រួតពិនិត្យតាមមណ្ឌល មុនថ្ងៃប្រឡងទុតិយភូមិនេះដែរ លោក ញ៉ែម សំអឿន បានណែនាំឲ្យក្រុមការងារបច្ចេកទេសទាំងអស់ ចូលរួមអនុវត្តនូវបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងយន្តការកិច្ចការប្រឡង និងមានការពិនិត្យគាំទ្រជាប្រចាំ លើកិច្ចការគ្រប់គ្រងបច្ចេកទេស។

លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានរៀបចំតាមមណ្ឌលប្រឡងនីមួយៗ ដើម្បីពង្រឹងវិធានការអនាម័យ សុវត្ថិភាពដោយសង្ឃឹមថា ដំណើរការប្រឡងនៅថ្ងៃស្អែក ទទួលបានសុវត្ថិភាព តម្លាភាព យុត្តិធ៌មស្របតាមគោលការណ៍ច្បាប់ នឹងលទ្ធផលអាចទទួលយកបាន។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តរតនគិរី បានជូនពរឲ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលល្អគ្រប់គ្នា។

គួរកត់សម្គាល់បេក្ខជន ដែលបានមកមើលបញ្ជីឈ្មោះតាមមណ្ឌលប្រឡងនៅថ្ងៃស្អែក មានទឹកចិត្តសប្បាយរីករាយ ដោយបានឃើញថ្នាក់ដឹកនាំខេត្ត ចុះមកលើទឹកចិត្តពួកគេដោយផ្ទាល់បែបនេះ ដោយសន្យាថា នឹងប្រឡងឲ្យបានលទ្ធផលល្អគ្រប់ៗគ្នា មិនឲ្យថ្នាក់ដឹកនាំខេត្តខកបំណងនោះទេ៕