(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារជូនបេក្ខជនប្រឡងបាក់ឌុប, មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ និងប្រាប់ដល់បេក្ខជនប្រឡងបាក់ឌុប ឲ្យបន្តគោរពបទបញ្ញត្តិប្រឡងមានជាធរមាន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា សូមគោរពផ្ញើសារជូនបេក្ខជនប្រឡងបាក់ឌុប, មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

១៖ សូមបេក្ខជនប្រឡងបាក់ឌុប៖
* បន្តអនុវត្តតាមផែនការបុគ្គល ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា
* បន្តគោរពបទបញ្ញត្តិប្រឡងមានជាធរមាន, អនុវត្តន៍វិធានសុខាភិបាល, និងគោរពច្បាប់ចរាចរណ៍
* បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន
* បន្តញាំឲ្យគ្រប់ គេងឲ្យគ្រាន់ និងទឹកឲ្យក្រែល
* តាំងស្មារតីឲ្យស្ងប់តាមរយៈវិធីផ្សេងៗ រួមមានការតាំងសមាធិ។

២៖ សូមមាតាបិតាមេត្តា៖
* បន្តជួយដំណើរការការត្រៀមប្រឡងរបស់កូនៗ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា
* បន្តលើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឲ្យអនុវត្តន៍ផែនការបុគ្គលរបស់បេក្ខជនប្រឡង

ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងមណ្ឌលប្រលង លោកគ្រូ អ្នកគ្រូ មាតាបិតា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានបន្តចូលរួម លើកកម្ពស់គុណភាពប្រលងបាក់ឌុប និងបានចូលរួមគាំទ្រដំណើរការរៀបចំការប្រឡងបាក់ឌុបគ្រប់ដំណាក់កាល មុននិងក្នុងបរិបទកូវីដ-១៩៕