(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជូនពរដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ សូមទទួលបានជោគជ័យ ក្នុងការប្រឡងរយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ។

សូជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕