(ភ្នំពេញ)៖ ក្រៅពីការថ្លែងអំណរគុណដល់សមាជិក សមាជិកា នារាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរំលេចនូវរឿងរ៉ាវ៣ចំណុច ដែលជាការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាប្រធានទី១ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

*ចំណុចទី១៖ លោកបានបង្ហាញពីគំរូវីរៈជន និងយុវជនគំរូមួយរូបសម្រាប់កម្ពុជា ដែលមានជីវិតតស៊ូដើម្បីសម្រេចបានជោគជ័យ ដោយរំលេចថា «បើកូនកសិករម្នាក់ អាចខិតខំប្រឹងប្រែងដោយសមត្ថភាពខ្លួន ឯងរហូតដល់ក្លាយជានាយករដ្ឋមន្រ្តី សូមឲ្យសមាជិក សមាជិកាទាំងអស់ ខិតខំប្រឹងប្រែង ពុះពាដើម្បីសម្រេចក្ដីស្រម៉ៃ តាមគំរូវារៈភាពរបស់ប្រធានទី១ នៃស.ស.យ.ក.»។

*ចំណុចទី២៖ ការដឹកនាំដែលជាគំរូ។ ក្នុងន័យនេះ លោកចង់បង្ហាញថា ការរដឹកនាំត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងការចាត់ចែងឲ្យបានត្រឹមត្រូវគ្រប់កាលៈទេសៈ ជាពិសេសការសម្រេចយ៉ាងលំបាកដើម្បីស្វែងរកសុខសន្តិភាព និងដំណោះស្រាយសម្រាប់ជាតិមាតុភូមិ។

*ចំណុចទី៣៖ អ្វីដែលលោក ហ៊ុន ម៉ានី ចង់បង្ហាញនោះគឺ ជំនឿទុកចិត្ត ឬទំនុកចិត្ត ដែលសំដៅទៅលើការជឿទុកចិត្តចំពោះប្រធានទី១ ដែលតែងតែឈរក្នុងភាពរឹងមាំ នៅពេលប្រទេសជួបទុកលំបាក។

ទន្ទឹមនឹងការលើកឡើងពីប្រវត្តិរបស់ប្រធានទី១ លោកក៏បានបន្ថែមថា ក្នុងនាមក្រុមគ្រួសារ ស.ស.យ.ក. និងជាប្រជាជនកម្ពុជា សូមប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធ្វើយ៉ាងណាមិនឲ្យអតីតកាលដែលកម្ពុជាមានភាពចលាចល និងអាណាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាដាច់ខាត។ ផ្អែកលើចំណុចនេះអាចធ្វើឲ្យយើងរៀនសូត្របានថា ទុកលំបាករបស់ប្រជាជន ជាទុកលំបាករបស់យើង ភាពសំបូរសប្បាយរបស់ប្រជាជន គឺជាកាតព្វកិច្ច និងភារកិច្ចរបស់យើងទាំងអស់គ្នា។

សូមជម្រាបថា ការប្រគុំតន្រ្តីអបអរសាទរខួបលើកទី៤៤ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មធិការកណ្តាល សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស សិល្បករ សិល្បការិនីល្បីៗជាច្រើនរូប និងសាធារណៈជនយ៉ាងច្រើនកុះករ៕