(សៀមរាប)៖ លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាតំណាង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានចុះចែកអំណោយសប្បុរសធម៌ដែលជាជំនួយរបស់មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ជូនសិស្សានុសិស្សចំនួន២០០០នាក់ នៅសាលាបឋមសិក្សាចំនួន៦ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។

សាលាបឋមសិក្សាទាំង៦នោះ រួមមាន សាលាបឋមសិក្សាល្បើកចំនួន២៩៨នាក់ សាលាបឋមសិក្សាខ្នាត៣៥៩នាក់ សាលាបឋមសិក្សាលាងដៃ៣៧៥នាក់ សាលាបឋមសិក្សាគោគគ្រើល១៥២នាក់ សាលាបឋមសិក្សាបាគង៥៧៦នាក់ និងសាលាបឋមសិក្សាតាឯកចំនួន២៤០នាក់។

កម្មវិធីចែកអំណោយសប្បុរសធម៌នេះត្រូវបានធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងមូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) និងអាជ្ញាធរជាតិអប្សរា ក្នុងគម្រោង Angkor Guardians Initiative ដើម្បីបន្តពង្រឹងកិច្ចសហការក្នុងវិស័យកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌រវាងស្ថាប័នទាំងពីរ ជាពិសេសចែករំលែកនូវក្តីស្រឡាញ់ជូនចំពោះប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។

សូមបញ្ជាក់ថា មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) បាលផ្តល់ជំនួយមនុស្សធម៌ជូនអាជ្ញាធរជាតិអប្សរាចំនួន២០០០ឃីត ដើម្បីចែកជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សក្នុងរមណីយដ្ឋានអង្គរចំនួន២០០០គ្រួសារ ក្នុងនោះរួមមានសម្ភារសិក្សា និងសម្ភារការពារជំងឺឆ្លងកូវីដ-១៩៕