(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញនូវក្តីរីករាយ នៅពេលបានឃើញពីវឌ្ឍដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងតភ្ជាប់ទីក្រុងសំខាន់ៗ ក្នុងតំបន់អាស៊ាន។

សម្តេចតេជោចាត់ទុកថា វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលតែងរៀបចំឡើងជាទៀងទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង, ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសាមគ្គីភាព និងសុខដុមនីយកម្មរវាងទីក្រុង, រាជធានី និងរដ្ឋធានីអាស៊ាន។

ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏មានសេចក្តីត្រេកអរ ដោយសង្កេតឃើញពីវឌ្ឍនភាពដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងតភ្ជាប់ទីក្រុងសំខាន់ៗ ក្នុងតំបន់អាស៊ានរបស់យើង។ ជាក់ស្ដែង, វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន ដែលយើងតែងរៀបចំ ឡើងជាទៀងទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាច បង្កើនទំនាក់ទំនង, ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសាមគ្គីភាព និង សុខដុមនីយកម្ម រវាងទីក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន»

សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការកំណត់ប្រធានបទដ៏ត្រឹមត្រូវបំផុត ស្របតាមស្ថានការណ៍តំបន់ និង សកល នាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចបន្តថា ជាការពិត, ទីក្រុង គឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាព ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, វប្បធម៌ និងនយោបាយ។ ក្នុងន័យនេះ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ត្រូវផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ។

សម្តេចតេជោបានលើកឡើងទៀតថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ប្រកបដោយភាពជោគជ័យ ដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន ១០១ ។ ក្នុងនោះ, ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងបានកំណត់ទិសដៅអនាគត សម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្តីថ្លែងការណ៍ របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។

សម្តេចបន្តថា ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ដែលនឹងពង្រឹងចំណេះដឹង ទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំងតំបន់អាស៊ាន និងផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី។

សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចពិភាក្សាក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សាលើបញ្ហាប្រឈម និងកាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន។

សម្តេចលើកឡើងទៀតថា ស្ថិតក្នុងបរិការណ៍ ដែលអាស៊ាន និងសកលលោក បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់, ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍, ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជន ក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។ ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារ, មុខរបរ និង អាជីវកម្ម ដល់ប្រជាជនទូទៅក្នុងប្រទេស និងតំបន់អាស៊ានទាំងមូល៕