(ភ្នំពេញ)៖ ជនត្រូវជាប់សង្ស័យរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ចំនួន២នាក់ ត្រូវបានកម្លាំងល្បាត នៃអធិការដ្ឋាននគរ បាលខណ្ឌ ឫស្សីកែវ បង្ក្រាបឃាត់ខ្លួនដោយដកហូតថ្នាំញៀន ១កញ្ចប់និងម៉ូតូ១គ្រឿង កាលពីវេលាម៉ោង ៦៖០០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនគ្រឿងញៀនទាំង២នាក់នេះ ត្រូវបានអនុវត្តន៍និងធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាលខណ្ឌសហ ការនិងកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបន្តយាមល្បាតនារដូវ កាលប្រកួតបាល់ទាត់យ៉ូរ៉ូខណៈដែល កំពុងល្បាតកម្លាំងសមត្ថកិច្ចយើង បានដាក់ការសង្ស័យទៅលើយុវជន២នាក់ ដែលជិះបើកម៉ូតូ១គ្រឿងទើបធ្វើការឃាត់ឆែកឆេរកឃើញ ដកហូតថ្នាំញៀន១កញ្ចប់សង្ស័យជាម៉ាទឹកកក ដែលជនទាំងនេះបានរក្សាទុកបម្រុងយកទៅធ្វើ សកម្មភាពប្រើប្រាស់ជាមួយគ្នារួមទាំង ដកហូតម៉ូតូ១គ្រឿង ម៉ាកធូដេ ពណ៍ស គ្មានស្លាកលេខផងដែរ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ជនត្រូវ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន៖ឈ្មោះ សុខ ព្រំតុលា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកលក់សម្ភារៈ មានស្រុកកំណើតនិងស្នាក់នៅ ផ្ទះលេខ៣៩២ ផ្លូវជាតិ លេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ និង ម្នាក់ទៀតឈ្មោះ ឯម ម៉ារីវុធ ភេទប្រុស អាយុ២៣ឆ្នាំ មាន មុខរបរនៅផ្ទះ ស្នាក់នៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បច្ចុប្បន្នជនត្រូវជាប់សង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តចាត់ការតាមនិតិវិធីច្បាប់៕