(ប៉ារីស)៖ ក្រុមការពារតំណែងជើងឯក អេស្ប៉ាញ ត្រូវការតែ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឈ្នះកៅអី១ ឡើងទៅវគ្គ១៦ក្រុម នៃព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំង ពេលប៉ះក្រុមជម្រើសជាតិតួកគី ម៉ោង២រំលងអាធ្រាត្ររាត្រី នេះ ក្នុងការប្រកួតលើកទី២ របស់គេ។

សារព័ត៌មាន Sky Sports បានផ្សាយឲ្យដឹងថា អេស្ប៉ាញ កំពុងគ្រប់គ្រងពូល D បណ្តោះអាសន្ន ដោយមាន៣ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមសាធារណរដ្ឋឆេក ១-០ ក្នុង១ប្រកួតដំបូង ដែលត្រូវការតែ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឡើង ទៅការពារតំណែងជើងឯកជាបន្តទៀត ក្នុងនាមជាក្រុមកាន់ពាន Euro ក្នុងដៃ បន្ទាប់ពីឈ្នះអ៊ីតាលី ៤-០ ក្នុងវគ្គផ្តាច់ ព្រ័ត្រកាលពី៤ឆ្នាំមុននៅប្រទេសប៉ូឡូញ។

ប្រវត្តិជួបគ្នា ៧ប្រកួតនាពេលកន្លងមក អេស្ប៉ាញធ្លាប់លេងឈ្នះតួកគី ៤ដង ស្មើ១ដង និងចាញ់២ដង ដោយក្នុងនោះ ជួបគ្នា២ជើង ក្នុងវគ្គជម្រុះពាន World Cup 2010 អេស្ប៉ាញ ឈ្នះ ១-០ និង ២-១។

ក្នុងប្រកួតដំបូងបើកឆាកពូល D អេស្ប៉ាញបានប្រើពេលរហូតដល់ទៅ ៨៧នាទី ទម្រាំធ្វើការនាំមុខឆេក ១-០ និងឡើង ទៅឈរនៅកំពូលតារាងបណ្តោះអាសន្ន ជាមួយនឹងក្រូអាត (Croatia) តាមពីក្រោយឈរនៅលេខ២ មាន៣ពិន្ទុដែរ បន្ទាប់ពីបានយកឈ្នះតួកគី ១-០ ដែលធ្វើឲ្យតួកគីឈានដល់មាត់ជ្រោះ ឈរនៅបាតតារាង និងអាចហាលអាវមុនគេ ប្រសិនបើបរាជ័យក្រោមថ្វីជើង របស់អេស្ប៉ាញយប់នេះ។

៣ប្រកួតបន្តរាត្រីនេះក្នុង Euro 2016 អ៊ីតាលី ប៉ះ ស៊ុយអែត ម៉ោង៨យប់ ក្នុងពូល E, ក្រូអាត ប៉ះឆេក ម៉ោង១១យប់ និងអេស្ប៉ាញ ប៉ះតួកគី ម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពូល D៕