(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានណែនាំឱ្យបងប្អូនអាជីវករ ខ្មែរ-ថៃ ដែលមានរថយន្តដឹកដំឡូង-ស្វាយ និងម្ចាស់សៃឡូដំឡូងទាំងអស់ក្នុងខេត្ត ដែលចរាចរណ៍ធ្វើអាជីវកម្មលើដងផ្លូវ ត្រូវអនុវត្តន៍កំណត់ទម្ងន់ផ្ទុកឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លក្ខណៈបច្ចេកទេស ការដឹកជញ្ជូនដែលច្បាប់បានកំណត់ ជៀសវាងមានបញ្ហាប្រឈមនានាជាមួយមន្រ្តីជំនាញពាក់ព័ន្ធនៅតាមដងផ្លូវ។

ការណែនាំបែបនេះ របស់អភិបាលខេត្តបានធ្វើឡើងក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបងប្អូនអាជីវករ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា៖ «ចំពោះបងប្អូនដែលជាអាជីវករមានរថយន្តធំៗ និងម្ចាស់សៃឡូដំឡូងទាំងអស់ ត្រូវធ្វើយ៉ាងណាសហការគ្នាអនុត្តន៍ចំពោះការផ្ទុកទំនិញឬក៍ដឹកទំនិញនានាដែលបានឆ្លងដែនមកទទួលទិញនៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ត្រូវអនុត្តន៍ការដឹកទំនិញឱ្យបានត្រឹមត្រូវ ពោលកុំដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ ដើម្បីថែទាំផ្លូវផ្នល់របស់យើង ប្រយោជន៍ឲ្យមានភាពរឹងមាំធនជាប់បានយូរ»។

ដោយក្នុងនោះលោកអភិបាលខេត្ត បានណែនាំឱ្យដឹកក្នុងមួយរថយន្តកំណត់ត្រឹមតែ៣០តោន ទៅ៣៥តោនតែប៉ុណ្តោះ ប្រសិនបើមានករណីដឹកផ្ទុកលើសទម្ងន់នោះ មន្រ្តីជំនាញនឹងអនុវត្តន៍ទៅផ្លូវច្បាប់។

ទន្ទឹមគ្នានោះ លោកបានសំណូមពរដល់អាជីវករ និងក្រុមឈ្មួញដែលជាម្ចាស់សៃឡូដំឡូងទាំងអស់ធ្វើយ៉ាងណាត្រូវរួមគ្នារក្សានូវតម្លៃដំឡូងទាំងដំឡូងសើមនឹងដំឡូងស្ងួតនៅលើទីផ្សារឱ្យបានល្អប្រសើរ ដើម្បីលើកទឹកចិត្តប្រជាកសិករយើង ឱ្យមានឆន្ទះក្នុងការបង្ករបង្កើនផលដាំដំណាំដំឡូងបន្តទៀត៕