(ព្រៃវែង)៖ កម្លាំងសមត្ថកិច្ចខេត្តព្រៃវែង បានឃាត់ខ្លួនបុរសជនជាតិចិនចំនួន២នាក់ ក្នុងករណីប្លន់អ្នកបើករថយន្តតាក់ស៊ី កាលពីវេលាម៉ោង៧៖៣០នាទី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិចការ៉ាស់សាំងមួយកន្លែង ក្នុងភូមិព្រៃព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចខេត្តព្រៃវែងបានឱ្យដឹងថា នៅមុនពេលកើតហេតុមានជនជាតិចិនទាំង២នាក់ រួមដំណើរជាមួយជនរងគ្រោះ ជាអ្នកបើកបរថយន្តឈ្នួល ស្រាប់តែមកដល់ចំណុចខាងលិចការ៉ាស់សាំងមួយកន្លែង ចម្ងាយប្រហែល២០០ម៉ែត្រ មានជនជាតិចិនទាំង២នាក់នេះ មានអាយុប្រហែល ៣៥ឆ្នាំដូចគ្នា ខណៈនោះជនសង្ស័យជាជនជាតិចិន ១នាក់ បានរិតករពីក្រោយជនរងគ្រោះឈ្មោះ អោន ណូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិឬស្សីជួសខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជាម្ចាស់រថយន្ត) ឱ្យជនរងគ្រោះចុះពីរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ 2AS-3009។

សមត្ថកិច្ចបានបន្តថា ខណៈដែលជនជាតិចិនកំពុងតែរឹតកជនរងគ្រោះអូសចេញពីរថយន្ត មានជនសង្ស័យ ១នាក់ទៀត បានដើរចូលទៅកាន់ចង្កូតរថយន្តបើកចេញពីកន្លែងកើតហេតុឆ្ពោះទៅទិសខាងកើត។ ចំណែកជនរងគ្រោះបានដើរមកទំនាក់ទំនងម្ចាស់ការ៉ាស់សាំងឱ្យជួយទាក់ទងប្ដឹងមកសមត្ថកិច្ចអំពីសកម្មភាពប្លន់។

សមត្ថកិច្ចបានបន្ថែមថា ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ច បានចេញអន្តរាគមន៍ ពួនស្ទាក់ចាប់ជនសង្ស័យជាជនជាតិចិនទាំង២នាក់ បាននៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកពារាំងតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ He Biao ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មកពីទីក្រុងសៀងហៃ ប្រទេសចិន។

និងទី២៖ ឈ្មោះ Chen Hua ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មកពីទីក្រុងសៀងហៃ ប្រទេសចិន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងនីតិវិធីច្បាប់៕