(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នេះបានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់នេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិត ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួម ពីក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ដូចជា ADB EU USAID SWEDEN WFP KOICA UNICEF UNDP UNESCO អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវអ្នកសារព័ត៌មាន ព្រមទាំងមន្រ្តីជំនាញខាង គោលនយោបាយ និងថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ដែលមកពីសកលវិទ្យាល័យមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត សាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាមកពីបណ្តាខេត្តមួយចំនួន ។

លោករដ្ឋលេខាធិការ វង្សី វិស្សុត បានថ្លែងថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍវិស័យអប់រំជាលើកទី៣ ក្នុងពេលនេះ គឺមានគោលដៅពិនិត្យឡើងវិញ នូវសមិទ្ធិកម្ម ធ្វើការបូកសរុប និងកំណត់ បញ្ហាប្រឈម រួចធ្វើការវិភាគក្នុងការស្វែងរកជម្រើស និងដំណោះ ស្រាយសមស្រប ដើម្បីជាមូលដ្ឋាន សម្រាប់រៀបចំថវិកាឆ្នាំ២០១៧ ឱ្យកាន់តែមានលក្ខណៈឆ្លើយតបនឹង តម្រូវការរបស់វិស័យអប់រំសំដៅ ធ្វើយ៉ាង សម្រេចឱ្យបានជាអតិបរិមានូវគោលដៅ ដែលបានដាក់ចេញដូចដែលមានកំណត់ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាល ទី៣ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ពិសេសផែនការយុទ្ធសាស្រ្ត វិស័យអប់រំតែម្តង។

លោកបានបន្តថា សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានគោលបំណង ប្រមូលនូវធាតុចូល និងពុទ្ធិ ទាំងជាទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីស្វែងរកជម្រើសដ៏ល្អបំផុត រួចដាក់ចេញជាវិធានការ ស្របទៅតាម ស្ថានភាពជាក់ស្តែងរបស់វិស័យអប់រំនៅកម្ពុជាតាមរយៈការផ្សា ភ្ជាប់គោលនយោបាយអប់រំ ទៅនឹងថវិកា ដើម្បីការបែងចែកធនធានឱ្យកាន់តែចំមុខ និងកាន់មានប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាព នៃប្រតិបត្តិការ ចំណាយនៅពេលអនុវត្ត ។ ដូច្នេះការកំណត់អាទិភាពចំណាយថវិកា ក្នុងវិស័យអប់រំគឺមានសារៈខាន់ណាស់ ក្នុងខណៈដែលវិស័យនេះ ក៏ទទួលបានថវិកាកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយលទ្ធភាពថវិកា ជាតិនៅមានកម្រិតនិងមានអាទិភាព ចំណាយចាំបាច់ច្រើន ក្នុងវិស័យផ្សេងៗទៀត។ ជាមួយគ្នានេះ តួនាទីរបស់ស្ថាប័ន និងកត្តាអភិបាលកិច្ច ក៏ដើរតួសំខាន់ក្នុងការសម្រេចបាន នូវគោលដៅខាងលើនេះ ។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានខិតខំអស់ពីលទ្ធភាព ក្នុងការផ្តល់នូវការគាំទ្រដល់ការ អភិវឌ្ឍធនធានមនុស្ស ដែលត្រូវបានកំណត់ជាអាទិភាពទី១ របស់រាជ រដ្ឋាភិបាល នីតិកាលទី៥នេះ ឱ្យក្លាយទៅជាការពិត និយាយជារួម និងនិយាយឡែក គឺការផ្តល់នូវការគាំទ្រ ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្រេចឱ្យបានជាអតិបរិមា នូវគោលដៅទាំងឡាយ ដែលបានដាក់ចេញ ពិសេសការកែទម្រង់ក្នុងវិស័យអប់រំ សម្រាប់បម្រើឱ្យគោលដៅនៃការអភិវឌ្ឍរយៈពេលធម្យម និងវែង ពិសេសនៅក្នុង បរិការណ៍ នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ (The 4th Industrial Revolution) ដែលនឹងអាចមកដល់ ក្នុងពេលខាងមុខ។

លោកបន្តថា ជាក់ស្តែង ថវិកាចំណាយចរន្តថវិកាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនឡើងពី១,៨% នៃ ផសស នៅក្នុង ឆ្នាំ២០១៣ ដល់២,៧% នៃផសស នៅក្នុងឆ្នាំ២០១៦នេះ ពោលគឺមានកំណើនប្រមាណ១% នៃផសស នៅក្នុងរយៈពេល០៤ឆ្នាំនេះ។

គួរបញ្ជាក់ដែរថា ទំហំនៃចំណាយថវិកាខាងលើនេះ មិនទាន់រាប់បញ្ចូលថវិកាចំណាយមូលធន ដែលត្រូវបានបង្កើនកាន់តែច្រើនឡើង (៤០ ប៊ីលានរៀល ក្នុងឆ្នាំ២០១៦) ព្រមទាំងថវិកាដែលបានមកពីដៃគូ និងសប្បុរសជននានា។ អង្គសិក្ខាសាលាពិគ្រោះយោបល់ផ្តោតលើការ ពិភាក្សាផ្លាស់ប្តូរ មតិយោបល់លើបញ្ហាចំនួន ០៣ គឺ (១)-ការ ពង្រីកសេវាអប់រំ (២)-ការពង្រឹងគុណភាពអប់រំនិង (៣)-បញ្ហាស្ថាប័ន និងអភិបាលកិច្ចក្នុងវិស័យអប់រំ ៕