(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានធ្វើការហាមឃាត់នូវការនាំចេញបច្ចេកវិទ្យា សម្ភារៈ និងវត្ថុធាតុដើមផ្សេងៗ ទាំងឡាយណា ដែលអាចផលិតជាអាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនេះជាការបង្ហាញឲ្យឃើញថា ចិន​មិនពេញចិត្ត​ចំពោះកម្មវិធីនុយក្លេអ៊ែរបស់ក្រុងព្យ៉ុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា។

ក្រសួងពាណិជ្ជកម្មចិន បានចេញតារាងបញ្ជីឈ្មោះនៃសារធាតុ ដែលត្រូវហាមឃាត់ក្នុងការនាំចេញទៅកាន់កូរ៉េខាងជើង មានដូចជា​ មេដែក, ជាតិអាលុយមីញ៉ូមដែលមានកម្រិតប្រតិបត្តិកម្មខ្លាំង, ឧបករណ៍សម្រាប់ផ្សារ​ឡាស៊ែរ, អាវុធគីមី និង​សមាសភាគផ្សេងៗមួយចំនួនទៀត ដែលអាចយកទៅផលិតជាអាវុធនុយក្លេអ៊ែរ និង​អាវុធយោធា។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងគឺជាដៃគូជំនួញដ៏ធំ និងយូរអង្វែងរបស់កូរ៉េខាងជើង ប៉ុន្តែ​ទំនាក់ទំនងដែល​ស្និទ្ធស្នាលរវាងប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា បានឃ្លាតឆ្ងាយពីគ្នាបន្តិច ចាប់តាំងពីដើមឆ្នាំនេះ ដោយសារតែកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនដង រហូតដល់​ UN បន្ថែមទណ្ឌកម្ម​​យ៉ាងសន្ធឹក៕