(បាត់ដំបង)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ​នាយ​ឧត្តម​សេនីយ៍ ម៉ៅ ច័ន្ទតារា បានថ្លែងឲ្យដឹងថា នគរបាលនឹងចាប់ផ្ដើមបើកយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិ​គំរូ​ថ្មី​ជូន​ប្រជា​ពល​រដ្ឋ នៅតាមភូមិ មូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់ ។

នៅក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​នាកា​រ ​ផ្ដល់​អត្ត​សញ្ញាណប័​ណ្ណស​ញ្ជាតិខ្មែ​រគំ​រូថ្មី​ ជូនប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី​១៦​ ខែមិថុនា ឆ្នាំ២០១៦ នៅស្នង​ការ​ដ្ឋាន​នគ​របាលខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានថ្លែង ទៅកា​ន់​មន្រ្តី​នគរបាល និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ ថា ដើម្បីមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ សមត្ថកិច្ច​ត្រូវ​ចុះធ្វើ​អត្ត​ស​ញ្ញណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។

នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានបន្តថា «ដោយមើល​ឃើញ​ពីភា​ពលំ​បាក​ក្នុ​ងកា​រធ្វើ​អត្តសញ្ញាណប័ណ្ណ នាពេលកន្លងមក​របស់ប្រជាពលរដ្ឋ ដោយសារនៅតាមភូមិខ្លះ មាន​ចំណាក​ស្រុក​ច្រើន ខ្លះនៅតំបន់ដាច់ស្រយាល ខ្លះពិបាកក្នុងការធ្វើដំណើរ ជាដើម។ ដូចនេះ​យើងបា​នត​ម្រូវ​ឲ្យ​អាជ្ញា​ធរ​មូលដ្ឋាន​ជាពិ​សេសម​ន្រ្តីនគ​របា​ល​ ដែលជា​មន្រ្តីជំ​នាញ ត្រូ​វបើ​កយុ​ទ្ធនា​ការចុះ​ធ្វើអ​ត្តស​ញ្ញាណ​ប័ណ្ណ​ ជូន​ប្រជាពលរដ្ឋ នៅតាមភូមិ ដើម្បីផ្ដល់ភាពងាយស្រួល និង​ចំណេ​ញពេ​លវេលាដល់ប្រជាពលរដ្ឋ»

នាឱកាសនោះដែរនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ក៏បានសំណូមពរ និងអំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​​ ជួយសហការចូលរួមក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ព្រោះថា​អត្ត​សញ្ញា​ណប័​ណ្ណ​ គឺជា​ប័ណ្ណ​ស​ម្រាប់​សម្គាល់អត្តសញ្ញាណ របស់ប្រជាពលរដ្ឋម្នាក់ៗ ជាពិសេសការប្រកបការងារប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទិន្នន័យដែលអគ្គនាយកដ្ឋាន ប្រមូលបានជិត៩លាននាក់ ហើយអត្តសញ្ញាណប័ណ្ណដែលបានបោះពុម្ពរួចរាល់ បានជិត៨លាន៦សែននាក់ ចំពោះ​អត្តសញ្ញាណប័ណ្ណដែលនៅសល់ គឺដោយសារបញ្ហាបច្ចេកទេស សូមបញ្ជាក់ផងដែរថា តាមផែនការ និង​ទិន្នន័យ​ដែលទទួលបានគឺប្រជាពលរដ្ឋ ប្រមាណ១០លាននាក់ ដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ដូច្នេះហើយ បានជា​សមត្ថកិច្ចនឹងបើកយុទ្ធនាការចុះធ្វើជូនប្រជាពលរដ្ឋ នៅតាមភូមិបន្ថែមទៀត៕