Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងស្រុក ចំនួន២៧រូប នៃខេត្តបាត់ដំបង, លោក សុខ លូ ណែនាំឲ្យមន្រ្តីទើបតែងតាំងថ្មី ខិតខំបម្រើពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ

25-11-2022 13:38

(បាត់ដំបង)៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងស្រុកចំនួន២៧រូប នៃខេត្តបាត់ដំបង ដើម្បីបំពេញបន្ថែមតាមប្រកាសក្រសួងមហាផ្ទៃ បានឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានចូលរួមថ្នាក់អភិបាលរងខេត្ត, មន្ទីរ, អង្គភាពនានាជុំវិញខេត្តកងកម្លាំង អភិបាលក្រុងស្រុក មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំសង្កាត់។

នៅក្នុងឱកាសនោះ លោក សុខ លូ បានណែនាំដល់អភិបាលរងទាំងអស់ ទើបបានតែងតាំងថ្មី ត្រូវខិតខំបម្រើពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យល្អប្រសើរ មានសាមគ្គីភាពផ្ទៃក្នុងនិងកិច្ចសហការជាមួយអង្គភាពដ៏ទៃ ដៃគូអភិវឌ្ឍន៍ដើម្បីឲ្យមូលដ្ឋានយើងមានរីកចម្រើនបន្តទៀត។

លោក សុខ លូ បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចុះធ្វើការអប់រំ និងអនុវត្តក្នុងការសម្អាត អនាម័យបរិស្ថាន នៅតាមក្រុងស្រុករបស់ខ្លួនឲ្យបានល្អប្រសើបន្ថែមទៀត។

លោកក៏បានរំលឹក និងជំរុញបន្ថែមទៀតថា កន្លងមករដ្ឋបាលក្រុងបានចុះធ្វើការកែទម្រង់ ពីផ្ទះល្វែងនៅក្នុងទីក្រុងស្ថិតក្នុងតំបន់អភិរក្ស ឲ្យមានរបៀបរៀបរយបានមួយចំនួនធំ ដោយបានសហការជាមួយម្ចាស់ផ្ទះ ឲ្យដោះសំយ៉ាបមុខផ្ទះ ផ្លាកយីហោពាណិជ្ជកម្ម អាណាធិបតេយ្យចេញដោយរក្សាទុកនូវរចនាបទដើម ដើម្បីលម្អទីក្រុងយើងបានល្អសមជាទីក្រុងស្អាត។

លោកបានណែនាំរដ្ឋបាលឃុំ សង្កាត់ ការធ្វើលិខិត អាត្រានុកូលដ្ឋាន និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ កុំមានខុសអក្ខរាវិរុទ្ធច្រើនពេក ព្រោះពលរដ្ឋគាត់មកឲ្យយើងជាជំនាញធ្វើជូនគាត់ បានត្រឹមត្រូវព្រោះពលរដ្ឋគាត់មិនសូវ ចេះទើបគាត់មករកយើងធ្វើ និងបម្រើសេវាជូនគាត់។

ជាចុងក្រោយ លោកបានជំរុញដល់អាជ្ញាមូលដ្ឋាន មានក្រុមប្រឹក្សាឃុំ សង្កាត់ មេប៉ុស្តិ៍ ស្មៀន មេភូមិ ត្រូវតាមដានត្រួតពិនិត្យ និងបម្រើពលរដ្ឋយើងឲ្យបានកាន់តែល្អប្រសើឡើងតទៅ៕