(រតនគិរី)៖ មន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តរតនគិរី សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា គណៈកម្មការរបស់ក្រសួងសុខាភិបាលមួយក្រុម បានចុះមកដល់ខេត្តរតនគិរី ២-៣ថ្ងៃមកហើយ ដើម្បីចុះត្រួតពិនិត្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ទាប់ពីផ្ទុះរឿងអាស្រូវជាច្រើនករណី។

បើតាមមន្ត្រីដដែលបញ្ជាក់ថា រឿងអាស្រូវនៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី មានដូចជា ករណីចោរចូលលួចថ្នាំពេទ្យ ក្នុងឃ្លាំងដោយមានការឃុបឃិតជាមួយ អ្នកកាន់ឃ្លាំង ដោយបានយកថ្នាំពេទ្យជាច្រើនកេស មកលាក់ទុកលក់ដូរ នៅឱសថស្ថានពន្លឺសុខភាព កណ្តាលក្រុងបានលុង ការផ្អឹបលុយបេសកកម្មមន្ត្រីចុះតាមមូលដ្ឋាន​ លុយសេវាកម្មដឹកជញ្ជូនអ្នកជំងឺធ្ងន់ទៅភ្នំពេញ ទៅវៀតណាម (ជាង១០០លានរៀល) និងចុងក្រោយអង្គភាពជំពាក់ថ្លៃប្រេងជាង​២០០លានរៀលជាដើម មិនទាន់មានដំណោះស្រាយ។

ប្រភពព័ត៌មានពីបុគ្គលិកពេទ្របានឲ្យដឹងថា ​ប្រធានមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី លោក ហ៊ីង ផានសគន្ធា កន្លងមកមិនដែលនិយាយរកមន្ត្រីក្រោមឱវាទ ប៉ុន្តែឮដំណឹងថា គណៈកម្មការរបស់ក្រសួងចុះមកអង្កេត ភាពមិនប្រក្រតីខាងលើនេះ ហាក់បីដូចជាបន្ទន់ឥរិយាបទ ចេះនិយាយរាក់ទាក់សួរសុខទុក្ខ បុគ្គលិកក្រោមឱវាទខុសសព្វមួយដង ដើម្បីទាក់ទាញទឹកចិត្ត ក្រែងថ្នាក់លើចុះសាកសួរផ្ទាល់មាត់ ពីការដឹកនាំរបស់គាត់កន្លងមក។
 ទាក់ទិនទៅនឹងគណៈកម្មការក្រសួងសុខាភិបាល ចុះត្រួតពិនិត្យមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ពីភាពមិនប្រក្រតីខាងលើនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺណាមួយ ពីគណៈកម្មការមកពីក្រសួងសុខាភិបាលនោះបានទេ នៅព្រឹកថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០១៦ ថាតើអាចរកឃើញសាច់ប្រាក់ជាង២០០លានរៀល ដែលមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ជំពាក់ថ្លៃប្រេងគេឃើញដែរឬទេ? ព្រោះថ្នាក់ដឹកនាំក្រសួង បានទំលាក់លុយមកឲ្យមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី អស់ហើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់អ្នកសារព័ត៌មានកន្លងមក៕