(សៀមរាប)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ផ្នែកឯកជន គាំទ្រយ៉ាងខ្លាំង ចំពោះលទ្ធផល ដែលទទួលបានពី សិក្ខាសាលាស្តីពី «Digital Tourism Marketing» ដែលរៀបចំធ្វើ នៅថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។

លោក ប៉ាក់ សុខុម បានលើកឡើងថា « ជាលទ្ធផលយើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីផ្នែកឯកជននៅខេត្តសៀមរាប ដោយពួកគាត់ទទួល បានការយល់ដឹងថ្មី និងបានបង្កើនសមត្ថភាពលើការប្រើប្រាស់ប្រព័ន្ឋអេឡិចត្រូនិច Digital Tool ជាឧបករណ៍ផ្សព្វផ្សាយ និង ស្វែងរកទីផ្សារ ដែលទាន់សម័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របជាមួយ យុទ្ធសាស្រ្តទីផ្សារ របស់យើង ដែលផ្តោតលើការផ្សព្វផ្សាយ តាមប្រព័ន្ធ អេឡិចត្រូនិច »។

ទន្ទឹមនឹងការទទួលបានលទ្ធផលល្អនេះ ទីភ្នាក់ងារ TripAdvisor ក៏បានប្រគល់ជ័យលាភី Travellers’ Choise Award for Siem Reap as the Best Destination in Asia 2016 និង Angkor Wat as the Best Landmarks in Asia 2016 ដែលបានប្រកាសតាំងពីដើមឆ្នាំ២០១៦មកម្លេះ។

សិក្ខាសាលាខាងលើនេះ មានការចូលរួម ពីគណៈអភិបាលរង ខេត្តសៀមរាប អគ្គនាយករងអាជ្ញាធរអប្សរា សមាជិកសមាគមសណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ Boutique Hotel ប្រតិបត្តិករទេសចរណ៍ និង ផ្នែកឯកជនពាក់ព័ន្ធ នានាប្រមាណ ២៨០នាក់៕