(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយរូប សុំមិនបញ្ចេញឈ្មោះបានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច នារសៀលថ្ងៃទី១៥ ខែមិថុនានេះថា គុកនៅតែស្វាគមន៍ជានិច្ច ចំពោះអ្នកទាំងឡាយណាដែលធ្វើខុសនឹងច្បាប់របស់កម្ពុជា បើទោះបីអ្នកឯងមិនចង់ក៏ដោយ ក៏ច្បាប់ត្រូវតែនាំអ្នកឯងចូលគុកដែរ

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះ បានទម្លាយឲ្យដឹងទៀតថា ចំពោះញត្តិថ្វាយព្រះមហាក្សត្រ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃរកឃើញ ភាពក្លែងក្លាយកាន់តែច្រើនឡើងៗ មានទាំងកូពី មានទាំងមនុស្សម្នាក់ផ្តិតជាច្រើនដង ដូច្នេះបញ្ហានេះគុកនៅរង់ចាំជានិច្ចអ្នកប្រព្រឹត្តិខុស។

ការថ្លែងប្រតិកម្ម និងព្រមានរបស់មន្រ្តីជាន់ខ្ពស់​របស់រាជរដ្ឋាភិបាលខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិថា នឹងសុខចិត្តដើរចូលគុក បើមានទោស រឿងហែញត្តិថ្វាយព្រះមហាក្សត្រ។

សូមបញ្ជាក់ថា គណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច័យ​ស្នាមមេដៃ ដែលមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជាប្រធាន បានបើកការពិនិត្យ និងធ្វើកោសល្យវិច័យ​លើស្នាមមេដៃនេះ ​នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។ បើតាមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរង​នគរបាលជាតិ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច័យ​ស្នាមេដៃ បានបញ្ជាក់ឲ្យដឹងថា ទីបំផុតលទ្ធផលលើ ការធ្វើកោសល្យវិច័យលើស្នាមមេដៃ ក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ (CNRP) បានរកឃើញមានភាពមិនប្រក្រតីជាច្រើន។​ នៅក្នុងញត្តិនោះបាន រកឃើញថា មានស្នាមមេដៃតែមួយ បានផ្តិតនៅលើឈ្មោះច្រើននាក់ ហើយស្នាមមេដៃខ្លះទៀតមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយខ្លះទៀតមិនបានបញ្ជាក់​អាសយដ្ឋាននោះ​ឡើយ។ ដំណើរការធ្វើកោសល្យវិច័យ​នេះសំរេចបាន ៣០ភាគរយហើយ ដែលអាចឲ្យគណៈកម្មការវាយតម្លៃបានថា ស្នាមមេដៃនៅលើញត្តិនោះមានភាពមិនប្រក្រតី៕