(ភ្នំពេញ)៖ ក្រុមហ៊ុនអានុស្សា និងដែគូសហការជាង១០០ក្រុមហ៊ុនផ្សេងទៀត នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាស បើកកម្មវិធីសម្រាប់កុមារ ដ៏ធំបំផុតប្រចាំឆ្នាំ២០១៦ ដែលមានឈ្មោះថា «ពិព័រណ៍កុមារ និងគ្រួសារ»។

ពិព័រណ៍កុមារ និងគ្រួសារនេះ នឹងប្រព្រឹត្តិឡើង នៅថ្ងៃទី២ និងទី៣ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង ៨៖០០នាទីយប់ នៅអគារពិព័រណ៍កោះពេជ្រ។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអានុស្សា បានឲ្យដឹងថា ពិព័រណនេះ ជាកម្មវិធីពិសេស និងធំបំផុត សម្រាប់កុមារក្នុងឆ្នាំ២០១៦ ដែលមានការបញ្ចុះតម្លៃពិសេសរហូតដល់៥០% សម្រាប់ផលិតផលកុមារ និងគ្រួសារ ម៉ាកល្បីៗ ប្រមាណជាង១០០ក្រុមហ៊ុន និងជាង៤០០មុខ។

លោកបានបន្ដទៀតថា ជាមួយគ្នានេះដែរមាតាបិតា និងបានទទួលនៅព័ត៌មានលម្អិត អំពីសេវាកម្មសំខាន់ៗ ដូចជា សាលារៀន មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ធនាគារ ការធានារ៉ាបរង់ សុខភាព របបអាហារ និងសេវាពាក់ព័ន្ធផ្សេងទៀត ទាំងនេះជាការជំនួយដល់ការសម្រេចចិត្ត ក្នុងការជ្រើសរើសផ្លូវដ៏ត្រឹមត្រូវ ដើម្បីអនាគតបុត្រធីតា។

លោកបានបញ្ជាក់ទៀតថា អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺមានការរៀបចំឲ្យមានការប្រកួតធំៗដូចជា ការប្រកួតរាំ ច្រៀង គិតលេខ និងប្រកួតវារ សម្រាប់កុមារដែលទើបនឹងចេះវារ។ ការប្រកួតទាំងនេះ និងជួយជំរុញកុមារ ឲ្យមានការលូតលាស់ទាំងប្រាជ្ញា និងស្មារតី។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍កុមារ និងគ្រួសារនេះ ចាប់ផ្ដើមឡើងក្នុងឆ្នាំ២០១៤ ដែលមានគ្រាំទ្រពីក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភដោយក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនម្សៅទឹកដោះគោឌីឡាក់ ក្រុមហ៊ុនស្ដាអូតូខេមបូឌេ និងក្រុមហ៊ុនជាច្រើនទៀត៕