(បាត់ដំបង)៖ មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក បានបញ្ជាទៅក្រុមការងារ​ ឲ្យបន្តចុះជួយអន្តរាគមន៍តាមគ្រប់រូបភាព ដើម្បីនាំទឹកយកទៅសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ដែលស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលស្រូវនៅតំបន់នោះគឺ មួយផ្នែកធំទទួលបានការផ្គត់ផ្គង់ពីអាងកំពីងកំពួយ។

មន្រ្តីធនធានទឹកខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់អាងទឹកកំពីងពួយ តាមផែនការកំណត់គឺ ផ្ទៃដីដែលត្រូវស្រោចស្រពលើផ្ទៃដី ចំនួន៦ពាន់ហិកតា ប៉ុន្តែការធ្វើកន្លងទៅ និងនៅពេលនេះ បានធ្វើលើសផែនការ។

ជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋខ្លះ មិនបានចូលរួមធ្វើជាមួយគេនោះឡើយ ពេលកំពុងដំណើរការនោះ ទើបតែគេច្រូតចង់អស់ហើយ ទើបស្រែកថាអត់ទឹក។

យ៉ាងណាក៏ដោយ មន្រ្តីរូបនេះ បានបញ្ជាក់ថា បើទោះបីផ្ទៃដីស្រូវប្រាំងខ្លះរបស់ប្រជាកសិករ កំពុងខ្វះខាតទឹកប្រើប្រាស់ តែលោករដ្ឋមន្រ្តី លឹម គានហោ បានបញ្ជាឲ្យក្រុមការងារ សហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តជួយអន្តរាគមន៍ បូមទឹកយកទៅជូនប្រជាកសិករនៅតំបន់នោះ ឲ្យខាងតែបាន។

លោក សួរ ឃឿន តំណាងប្រជាពលរដ្ឋ ដែលខូចខាតស្រូវប្រាំង នៅឃំុជ្រៃ បានថ្លែងអំណរគុណ ចំពោះប្រធានមន្ទីរធនធានទឹក និងក្រុមករងារទាំងអស់ដែលបានផ្តល់ប្រេង សម្រាប់ការបូមទឹកសង្គ្រោះស្រូវរបស់ពួកគាត់។

ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋរូបនេះ បានសម្តែងការសុំទោស ដែលពួកគាត់បានធ្វើស្រែប្រាំង លើសផែនការកំណត់ ហើយធ្វើយឺតទៀតផង ដែលនាំឲ្យជួបបញ្ហាមួយនេះ៕