(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ចុះពិនិត្យមើលគម្រោងស្ថាបនាលូ ០១ខ្សែ ប្រវែង ៧១០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ដើម្បីរំដោះទឹកចេញពីសហគមន៍ទួលសំបូរ ព្រមទាំងបានជួប សំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគន៍ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋទាំងអស់ អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ហើយដោយការ អនុវត្តតាមអនុសាសន៍របស់លោកអភិបាលរាជធានីភ្នំពេញ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះ ប្រជាពលរដ្ឋក្នុងសហគមន៍ រដ្ឋបាលខណ្ឌដង្កោ តែងបានចុះជាប់ជាប្រចាំជាមួយសហគមន៍នានា ហើយចំពោះសហគមន៍ទួលសំបូ មានប្រជាពលរដ្ឋ៤០៦គ្រួសារ ស្មើនឹង១៨៧៣នាក់ ដែលក្នុងនោះមកពីបុរីកីឡា ៩៨គ្រួសារ ស្ទឹងមានជ័យ៥៥គ្រួសារ សហគមន៍ចាស់ ១៦៧គ្រួសារ ច្រាំងបាក់ឬស្សីកែវ និងអ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ៨៦គ្រួសារ។

ជានិច្ចកាល រដ្ឋបាលខណ្ឌតែងបានយកចិត្តទុកដាក់ចុះជាប់ជាប្រចាំ ជាមួយសហគមន៍ទួលសំបូរនេះ ដោយបានទទួលយកបញ្ហានានា ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់មកដោះស្រាយ ជូនពួកគាត់បានទាន់ពេលវេលា តួយ៉ាងកន្លងមក លោកអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំការជួសជុលដំបូលផ្ទះជូនប្រជាពលរដ្ឋក្នុងសហគមន៍ឡើងវិញ រួមទាំងការកសាងប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងជូនដល់ប្រជាពលរដ្ឋ ផងដែរ។

បច្ចុប្បន្ននេះដើម្បីដោះស្រាយបញ្ហាប្រព័ន្ធបង្ហូរទឹកក្នុងសហគមន៍ទាំងមូល បញ្ជៀសនូវការលិចលង់ដោយសារកម្រិតទឹកភ្លៀងនៅរដូវវស្សា រដ្ឋបាលខណ្ឌ បានដាក់គម្រោងស្ថាបនាប្រព័ន្ធលូ០១ខ្សែនេះ ជាអាទិភាព ដែលប្រើប្រាស់គម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៦នេះ។ ហើយបន្តបន្ទាប់ខាងមុខនេះ រដ្ឋបាលខណ្ឌ ក៏នឹងបន្តស្ថាបនាបណ្តាលផ្លូវក្នុងសហគមន៍ឲ្យកាន់តែល្អប្រសើរ ដើម្បីជួយសម្រួលដល់ការ រស់នៅ ប្រកបរបបចិញ្ចឹមជីវិតរបស់ពួកគាត់ ព្រមទាំងសោភណ្ឌភាព ផាសុខភាពក្នុងការរស់នៅផងដែរ។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទូលសំបូរទាំងមូល បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោកអភិបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌដង្កោ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូ និងយកចិត្តទុកដាក់ចំពោះការ លំបាកនានារបស់គាត់ ព្រមទាំងជួយដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា តួយ៉ាងការតបញ្តាញទឹក រៀបចំប្រព័ន្ធភ្លើង ជួសជុលដំបូល និងការដាក់ប្រព័ន្ធនេះជាដើម។

គួរបញ្ជាក់ថាៈ គម្រោងប្រព័ន្ធលូ០១ខ្សែ នេះ មានប្រវែង៧១០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦៕