(ភ្នំពេញ)៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី២ អាជ្ញាធរមីន បានអះអាងថា គោលដៅចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេស ដែលលែងមានផលប៉ះពាល់ ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ហើយ ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជា ត្រូវការជាចាំបាច់នូវការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសដៃគូអភិវឌ្ឍ ក្នុងការជួយគាំទ្រ ទាំងផ្នែកបច្ចេកទេសទាំងថវិកា។

លោក លី ធុជ បានលើកឡើងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោកស្រី Thu Tran ប្រធានគម្រោងកម្មវិធី របស់អង្គការ Australian Business Volunteers (ABV) និង ក្រុមការងារស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

លោកស្រី Thu Tran បានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់ពីភាពរីកចម្រើន របស់កម្ពុជាលើវិស័យសកម្មភាពមីន ក៏ដូចជាវឌ្ឍនភាព នៃកិច្ចសហការ ដែលបុគ្គលិកស្ម័គ្រចិត្ត​របស់គម្រោងអង្គការ ABV បាននឹងកំពុងអនុវត្ត នៅក្នុងអគ្គលេខា ធិការដ្ឋានអាជ្ញាធរមីន។ លោកស្រីបានបន្តទៀតថា អង្គការ របស់លោកស្រី នឹងបន្តកិច្ចសហប្រតិបត្តិការ​កាន់តែល្អប្រសើរឡើង​ថែមទៀត ជា មួយអាជ្ញាធរមីន ជាពិសេសផ្តល់នូវវិស័យធនធានមនុស្សលើដំណើរការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៧-២០២៥។

ជាការឆ្លើយតប លោក លី ធុជ បានសំដែងនូវការអរគុណ ចំពោះអង្គការ ABV និងជាពិសេសរដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី ដែលបាន នឹងកំពុងគាំទ្រកម្ពុជាទាំងផ្នែកថវិកា និង បច្ចេកទេសលើវិស័យ​សកម្មភាពមីន។ លោក លី ធុជ បានស្នើសុំឲ្យអង្គការ MAG ប្រើប្រាស់បទពិសោធន៍លើការងារបោសសម្អាតកន្លងមក ផ្តល់នូវការប៉ាន់ប្រមាណ​នូវចំនួនថវិកាលើការបោស​សម្អាតផ្ទៃដី ដែលមានការគំរាមទាំងស្រុងនៅកម្ពុជា តាមប្រភេទ ដែលអាជ្ញាធរមីន នឹងផ្តល់ជូន។

ក្រៅពីនោះលោក លី ធុជ ក៏បានស្នើសុំឲ្យអង្គការ MAG  រួមចំណែកការងារមនុស្សធម៌នេះបន្តទៅទៀត ដើម្បីឲ្យកម្ពុជាក្លាយទៅជា ប្រទេស មួយរួចចាកផុត ពីផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម។

គួរបញ្ជាក់ថា អង្គការ MAG និង បណ្តាប្រទេសផ្តល់ជំនួយ បានផ្តល់ធនធានថវិកា ប្រមាណជាង ៤៥លានដុល្លារ ដល់អង្គការ MAG ចាប់ពី ឆ្នាំ១៩៩២ដល់បច្ចុប្បន្ន ដែលបានរំដោះ​ផ្ទៃដីជូនប្រជា​ពលរដ្ឋប្រមាណជាង ៥២គីឡូមែត្រក្រឡា។ ចំណែកការរកឃើញនិងកម្ទេចចោល គ្រាប់មីន គឺទទួលបានជាង ៧ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជិត ២លានគ្រាប់៕