(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានជាថ្មីដល់សហគមន៍អឺរ៉ុប កុំឱ្យស្តាប់ព័ត៌មានតែមួយចំហៀង ពីគណបក្សប្រឆាំង ហើយមិនបានស្តាប់ការបកស្រាយអង្គហេតុ និងអង្គច្បាប់នៅក្នុងប្រទេសកម្ពុជា។

ការអះអាងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅចំពោះមុខ លោក Gerd Moller រដ្ឋមន្ត្រីក្រសួង សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ ខណៈដែលមន្រ្តីសហគមន៍អឺរ៉ុបមួយនេះ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា។

អំឡុងជំនួបនោះ លោក Gerd Moller បានជម្រាបជូនសម្តេចតេជោ អំពីដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ គឺទី១ ដើម្បីពិនិត្យមើល កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ និងទី២ គឺដើម្បីជួបជាមួយគណបក្សប្រឆាំង ដើម្បីស្វែងយល់ពីស្ថានភាពកម្ពុជា ពិតប្រាកដ នាពេលបច្ចុប្បន្ននេះ។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន សរសេរថា «បុគ្គលដែលធ្វើខុស គឺមិនត្រូវយកអង្គការចាត់តាំងនយោបាយ ឬយកអង្គការក្រៅរដ្ឋាភិបាល មកធ្វើជាអាវក្រោះការពារខ្លួននោះទេ។ សម្តេចតេជោ ក៏បានជំរាបជូន លោក Gerd Moller ផងដែរថា សម្តេច បានស្នើសុំឱ្យធ្វើការកែទម្រង់ស្តីអំពីការទទួលបានព័ត៌មាន ជាពិសេសសហគមន៌ EU កុំស្តាប់និងទទួលតែព័ត៌មានពីខាងបក្សប្រឆាំងតែម្ខាង គឺត្រូវឱ្យស្គាល់ពីអង្គហេតុ និងអង្គច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការបកស្រាយខុស ជាពិសេសមកលើប្រទេសដែលមាន អធិបតេយ្យភាពដូចកម្ពុជា»។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មខ្លាំងៗ ទៅនឹងបណ្តាប្រទេសមួយចំនួន ដែលតែងតែគំរាមកាត់ជំនួយពីប្រទេសកម្ពុជា។ សម្តេចថា ការកាត់ ជំនួយនេះ នឹងមិនប៉ះពាល់ខ្លាំងដល់រាជរដ្ឋាភិបាលនោះទេ អ្នកដែលប៉ះពាល់ និងស្លាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «សូមអ្នកដទៃកុំគំរាមកម្ពុជា អាងអីអាងកាត់ ! ពេលខ្លះខ្ញុំថា កាត់ កាត់ទៅ អ្នកដែលងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាល ដែលស៊ីប្រាក់ខែបរទេស។ អ្នកឯងកុំមកពន្យុះខ្ញុំ កុំមកគំរាមខ្ញុំ»៕