(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានអញ្ជើញ ជាអធិបតី ក្នុងពិធីអបអរសាទរ សមិទ្ធផល និងភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការរវាង កាកបាទក្រហមកម្ពុជានិងកាកបាទក្រហម អូស្ត្រាលី រយៈពេល២១ឆ្នាំ (១៩៩៥-២០១៦) ដែលពិធីនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពី Mr.Peter Walton នាយកកម្មវិធីអន្តរជាតិ នៃកាកបាទក្រហមអូស្ត្រាលី កញ្ញា ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា លោក Claire Hallas ប្រធានកម្មវិធីសម្រាប់កម្ពុជា របស់កាកបាទក្រហមអូស្ត្រាលី ថ្នាក់ដឹកនាំ-មន្ត្រី កាកបាទក្រហមកម្ពុជា តំណាងគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម តំណាងកាកបាទក្រហមដាណឺម៉ាក តំណាងកាកបាទក្រហម ស្វីសនិងតំណាងស្ថាប័ន ដែលជាដៃគូរបស់កាកបាទក្រហមអូស្ត្រាលី សរុបចំនួន៣០នាក់។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់៣គឺ៖

១-ដើម្បីអបអរសាទរ ដែលកាកបាទក្រហមអូស្ត្រាលី បានទទួលជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការ រវាងកាកបាទក្រហមកម្ពុជានិងដៃគូ ក្នុងស្រុកផ្សេងៗទៀត ក្នុងរយៈពេល២១ឆ្នាំកន្លងមក។

២-ការទទួលស្គាល់ពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការ របស់កាកបាទក្រហមអូស្ត្រាលី នៅក្នុងប្រទេសកម្ពុជា។

៣-ដើម្បីប្រកាសបិទការិយាល័យ កាកបាទក្រហមអូស្ត្រាលី ប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ក៏ដូចជាអ្នកទទួលផលពីគ្រប់កម្មវិធីគម្រោង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមអូស្ត្រាលី ព្រមទាំងបានគូសបញ្ជាក់ថា រយៈពេល២១ឆ្នាំ (១៩៩៥-២០១៦) នៃកិច្ចសហប្រតិបត្តិការ ជាមួយ កាកបាទក្រហមកម្ពុជា កាកបាទក្រហមអូស្ត្រាលី បានរួមចំណែកដ៏ធំធេង ជាមួយសមាគមជាតិជាដៃគូដទៃទៀត ក្នុងការជួយ ឧបត្ថម្ភថវិកា និងផ្នែកបច្ចេកទេស ដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយគាំទ្រ ឱ្យស្ថាប័នមនុស្សធម៌មួយនេះ សម្រេចបានតាម ទស្សនវិស័យក្នុងការ «រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ ជនរងគ្រោះ» និងការសម្រេចបាននូវវិស័យស្នូលទាំង​៤ ដូចដែលបានគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់គឺ ១- ការងារគ្រប់គ្រង គ្រោះមហន្តរាយ, ២-ការងារសុខភាព និងការថែទាំសុខភាពក្នុងគ្រាអាសន្ន,  ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ ចលនានិង ៤-ការងារអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធាន៕⁠⁠⁠⁠