(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គម Twitter បានចំណាយទឹកប្រាក់ ៧០លានដុល្លារអាមេរិក ទៅលើ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្មតន្ត្រី SoundCloud ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ និងប្រសើរឡើងជាមុន។ នេះបើយោងតាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។

គេហទំព័របច្ចេកវិទ្យា Re/code បានចេញផ្សាយព័ត៌មានមួយថា Twitter បានវិនិយោគទុនទឹកប្រាក់ ៧០លានដុល្លារ​អាមេរិក ទៅលើក្រុមហ៊ុនអាល្លឺម៉ង់ SoundCloud ដោយការវិនិយោគនេះ ត្រូវបានធ្វើឡើងយ៉ាងស្ងាត់ៗបំផុត ប៉ុន្តែ​ត្រូវ​បានទម្លាយដោយប្រភពជិតស្និទ្ធ ដែលដឹងរឿងនេះ។

ក្រោយពី Reuters បានចេញផ្សាយបន្តនូវព័ត៌មាននេះ ខាងបណ្ដាញសង្គម Twitter បានចេញមុខបញ្ជាក់ថា ខ្លួន​ពិត​ជា​បានវិនិយោគទៅលើក្រុមហ៊ុន SoundCloud មែន ប៉ុន្តែមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ឡើយ។ «នៅដើមឆ្នាំនេះ យើងបានវិនិយោគ​ទៅលើក្រុមហ៊ុន SoundCloud តាមរយៈការបណ្ដាក់ទុក ដើម្បីជួយឲ្យ SoundCloud កាន់តែ​រីក​ចម្រើន»។ នេះជាសំដីរបស់លោក Jack Dorsey នាយកប្រតិបត្តិ Twitter៕