(ញូដេលី)៖ យន្តហោះឥណ្ឌាមួយគ្រឿង ដឹកមនុស្ស ៦៩នាក់បានធ្វើការចុះចតជាបន្ទាន់ នៅទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា ក្រោយពីមានផ្សែងហុយចេញពីក្នុងតួយន្តហោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

យន្តហោះខាងលើជារបស់ក្រុមហ៊ុន Jet Airways ជើងហោះហើរ flight 9W 2839 មានគោលដៅឆ្ពោះទៅទីក្រុង Mangalore ជាប់ទីក្រុង Bengaluru ដែរប៉ុន្តែបានធ្វើការចុះចតមកវិញ ក្រោយពីទើបហោះចេញបានប៉ុន្មាននាទី តែប៉ុណ្ណោះ។ អ្នកដំណើរទាំងអស់ត្រូវបាន គេជម្លៀសចេញដោយ សុវត្ថិភាព ហើយសម្រាប់មូលហេតុ នៃការហុយផ្សែងចេញពីយន្តហោះ ក្រុមជំនាញកំពុងធ្វើការត្រួតពិនិត្យនៅឡើយ៕