(ឧត្តរមានជ័យ​)៖​ ជនសង្ស័យ​ម្នាក់​ផឹកស្រាស្រវឹង​រួច កើតចិត្តក្លាហាន ក៏ឡើងផ្ទះគេ​ចាប់រំលោភ​កូនក្រមុំគេ តែមិន​បាន​សម្រេចក៏ត្រូវ​ជាប់ខ្នោះ​សមត្ថកិច្ច​។

លោកឧត្តមសេនីយ៍ត្រី​ ម៉ែន​ លី​ ស្នងការខេត្តបានឲ្យភ្នាក់ងារ Fresh​ News ដឹងថា​ ក្រោយពីកម្លាំងអធិការក្រុងសំរោង បានទទួលបណ្តឹងថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ​ កើតឡើងកាលពីយប់ថ្ងៃ១៣​ ខែមិថុនា​ ឆ្នាំ២០១៦​ ដោយជនសង្ស័យ​បាន ផឹកស្រាស្រវឹង ធ្វើសកម្មភាពលើឈ្មោះ ​ល​ ស​ គ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង នៅផ្ទះជនរងគ្រោះ ដែលបង្កឡើង ដោយជនសង្ស័យឈ្មោះ ម៉ាត់ ជា ភេទប្រុស​អាយុ៣៧ឆ្នាំ។

សម្ថកិច្ចក្រោយទទួលបានបណ្តឹង កំលាំងអធិការក្រុងសហការ ជាមួយប៉ុស្តិ៍​រដ្ឋបាលកូនគ្រៀល ធ្វើការស្វែងរក និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងសាកសួរ​​។ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិត​ជាប្រព្រឹត្តិ ករណីខាងលើមែនដោយខ្លួនស្រវឹង បាត់បង់​ស្មារតី ទើបហ៊ានដូច្នេះ។

បច្ចុប្បន្ននេះ​សមត្ថកិច្ចកំពុង​សាងសំណុំរឿង​ បញ្ចូនជនសង្ស័យ ទៅកាន់​សាលាដំបូងចាត់ការតាមច្បាប់៕