(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះចែកអំណោយដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រចំនួន ៦១គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកព្រែកប្រសព្វ និងជួបសំណេះសំណាលជាមួយមន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោត និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយបញ្ជាក់ថា បើទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ គឺធ្វើយ៉ាងណាត្រូវជួយសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋឱ្យបានសិន។

លោក វ៉ា ថន ក៏បានកោតសរសើរ និងវាតម្លៃខ្ពស់ចំពោះ លោកមេឃុំ ដែលបានយកចិត្តទុកដាក់ខ្លាំងចំពោះទុក្ខលំបាក និងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងបានស្នើរសុំជំនួយជាស្បៀង និងសម្ភារៈ ដើម្បីយកមកជួយសម្រាលដល់ជីវភាពពួកគាត់ដែលកំពុងត្រូវការជំនួយសង្រ្គោះ និងបានជំរុញឱ្យឧស្សាហ៍ចុះពិនិត្យតាមដានតាមភូមិឱ្យបានញឹកញាប់ ដើម្បីស្រង់ស្ថិតិ និងក្តាបព័ត៌មានឱ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះ ដើម្បីរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្ត ដើម្បីដោះស្រាជូនឱ្យចំគោលដៅ និងទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏បានជំរុញលើកទឹកចិត្តឱ្យបងប្អូនជនចាស់ជរា សូមអញ្ជើញទៅពិគ្រោះជាមួយគ្រួពេទ្យជំនាញ ដើម្បីទទួលបានវ៉ាសាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា និងសូមឱ្យបន្តរស់នៅដោយមានការប្រុងប្រយ័ត្ន ប្រកបដោយវិធានការការពារអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ ជាពិសេសសូមអញ្ជើញទៅចុះឈ្មោះ និងពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើននៅពេលខាងមុខនេះ។

ជាមួយគ្នានេះដែរ លោក វ៉ា ថន និងក្រុមការងារបានបន្តចុះពិនិត្យនិងជួបសំណេះសំណាលជាមួយមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត២ទីតាំង នៅភូមិព្រៃគូរ ឃុំព្រែកប្រសព្វ និងភូមិជ្រោយស្នែងក្របីលើ ឃុំកំពង់គរ និងជួបលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុប២៩នាក់ ហើយលោកបានឧបត្ថម្ភក្នុង១នាក់ ទទួលបានសារុង១ និងថវិកា ២ម៉ឺនរៀល។

ដោយឡែកចាស់ជរាគ្រួសារក្រីក្រចំនួន៦១គ្រួសារ ដែលទទួលអំណោយក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេសតូច, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, អំបិល ៥កញ្ចប់, មុង ១, ភួយ ១, សារ៉ុង១ និងថវិកា ២ ម៉ឺនរៀលផងដែរ៕