(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជា ដល់ភាគីឥណ្ឌា ធ្វើជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការបញ្ជាក់ជំហរកម្ពុជា បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និង លោក Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

«សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឥណ្ឌាជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ ឯកឧត្តម Jagdeep Dhankha បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់ការគាំទ្រនេះ»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ឥណ្ឌា និងប្រទេសធំៗ៣ផ្សេងទៀត បានទាមទារឱ្យមានការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ដោយខ្លួនចង់ក្លាយទៅជា សមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ នៃស្ថាប័នអន្តរជាតិកំពូលចំនួន៨លើក ស្មើនឹងរយៈពេល១៦ឆ្នាំកន្លងមក និងកំពុងបន្តជាសមាជិកមិនអចិន្រ្តៃយ៍នេះ សម្រាប់អាណត្តិ ឆ្នាំ២០២១ និងឆ្នាំ២០២២ផងដែរ។ ក្នុងការសម្រេចគោលដៅនេះ ឥណ្ឌាត្រូវខិតខំស្វះស្វែងរកការគាំទ្រពីប្រទេសនានា បន្ថែមលើការពង្រីកឥទ្ធិពលនៅលើឆាកអន្តរជាតិ។

ក្រៅពីការបញ្ជាក់ជំហរនេះ ថ្នាក់ដឹកនាំទាំងពីរកម្ពុជា-ឥណ្ឌា ក្នុងជំនួបដដែល បានលើកឡើងផងអំពីទំនាក់ទំនងជាមិត្តភាពដ៏យូរលង់រវាងប្រជាជាតិទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសភ្ជាប់ទំនាក់ទំនងការទូតទីមួយដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយនិងបានរំលឹកឡើងវិញអំពីដំណើរ ទស្សនកិច្ចជាលើកទី១របស់សម្តេចទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។ លោកអនុប្រធានាធិបតី Jagdeep Dhankha បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការលើកកម្ពស់ទំនងទំនងទ្វេភាគីទៅកាន់កម្រិតខ្ពស់ជាងមុនផងដែរ៕