(ភ្នំពេញ)៖ លោក អេ​ន​ថូ​នី អាល់​បា​នី​ស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញការអបអរសាទរជូនចំពោះកម្ពុជា ដែលទទួលបានជោគជ័យលើការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងឆ្នាំ២០២២នេះ។

ការអបអរសាទរនេះ បានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងផងដែរថា ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់កម្ពុជាលើបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ។

ក្រៅតែពីបញ្ហារបស់អាស៊ាន និងមីយ៉ាន់ម៉ា, សម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានជជែកពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីផងដែរ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

លោកនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ជាពិសេសកំណើនវិនិយោគរបស់អូស្ត្រាលី នៅកម្ពុជា។

លោក អេ​ន​ថូ​នី អាល់​បា​នី​ស បានជម្រាបសម្តេចតេជោថា អូស្ត្រាលី នឹងបន្តគាំទ្រការអភិវឌ្ឍលើកម្មវិធីអភិវឌ្ឍន៍ដោយចីរភាព សេដ្ឋកិច្ចឌីជីថល ថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតង និងវិស័យដទៃទៀត ដើម្បីចូលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ព្រមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថេរភាព និងវិបុលភាព។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងអូស្ត្រាលី ហើយក៏បានថ្លែងអំណរគុណជូនចំពោះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានបានជួយដល់ការអភិវឌ្ឍរបស់កម្ពុជាតាំងពីដើមមក។ ជាពិសេសបញ្ចប់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៨៣។

សម្តេចតេជោ ក៏បានអរគុណអូស្ត្រាលី សម្រាប់ការជួយកម្ពុជាលើវិស័យកសិកម្ម ជួយកម្ពុជាស្វែងរកសុខសន្តិភាព ជួយកម្ពុជាអភិវឌ្ឍន៍ធនធានមនុស្ស ផ្តល់វ៉ាក់សាំងដល់កម្ពុជា និងចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈផ្តល់ជំនួយ និងជំរុញការវិនិយោគមកកម្ពុជា៕