(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន បានបង្ហាញសុទិដ្ឋិនិយមថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនទៀត ជូនដល់ប្រជាជនទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ពេលអញ្ជើញធ្វើជាសហប្រធាន ជាមួយលោក អាន់ថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ (2nd ASEAN-Australia Summit) នៅសណ្ឋាគារសុខាភ្នំពេញ ដែលនេះជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសុទិដ្ឋិនិយមថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនទៀត ជូនដល់ប្រជាជនរបស់យើង ដើម្បីលើកកម្ពស់ ការអភិវឌ្ឍក្នុងតំបន់ និងប្រកបដោយចីរភាព ប្រសិទ្ធភាព និងវិបុលភាព»

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ ដែលអូស្ត្រាលីតែងតែបង្ហាញការគាំទ្រឥតងាករេ មកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម យន្តការនានាដែលដឹកនាំដោយអាស៊ាន។

សម្តេចតេជោ បានបន្ថែម នៅក្រោមក្របខណ្ឌ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី សម្តេចបានកោតសរសើរនូវល្បឿន និងសមិទ្ធផលដែលភាគីទាំងពីរ សម្រេចបានរួមគ្នា ក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតផ្តួចផ្តើមយ៉ាងច្រើន ជាពិសេសគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលនឹងផ្តល់ការគាំទ្រអន្តរវិស័យ ដល់ការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក ដែលតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ាន។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ ការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ និងកាត់បន្ថយគម្លាតអភិវឌ្ឍ តាមរយៈការដាក់ចេញនូវកម្មវិធី អូស្ត្រាលីសម្រាប់អាស៊ាន ស្តីពីសេដ្ឋកិច្ច និងការតភ្ជាប់ និងកម្មវិធី គាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់។ សមិទ្ធផលដ៏ត្រចេះត្រចង់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសន្ទនា ឲ្យកាន់តែស៉ីជម្រៅ។

សូមជម្រាបថា អូស្ត្រាលី បាននិងកំពុងជាដៃគូគាំទ្រអាស៊ានដ៏រឹងមាំ ធន់ និងស្អិតរមួត។ អូស្ត្រាលី បានក្លាយជាដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ក្នុងឆ្នាំ១៩៧៤៕