(ព្រៃវែង)៖ ថ្លែងនៅចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លោក អ៉ីវ លាង សមាជិកគណៈកម្មការកណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានគូសបញ្ជាក់ថា កម្ពុជាមានសន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗនានា ជាក់ស្តែងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការគូសបញ្ជាក់បែបនេះរបស់លោក អ៉ី លាង បានធ្វើឡើងនៅព្រឹកថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញបើកវេទិកាសាធារណៈជាមួយប្រជាជននៅភូមិស្នែរាន ក្នុងគោលបំណងដើម្បីសំណេះសំណាល សួរសុខទុក្ខ ស្វែងយល់បញ្ហាប្រឈម និងសំណូមរពរនានារបស់ប្រជាពលរដ្ឋ។

លោក អ៉ី លាង បានបញ្ជាក់ថា៖ «នៅពេលនេះ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ជាមុខមាត់មហាកិត្តិយស ដែលប្រទេសមហាអំណាចជាច្រើនបានចូលរួម នោះដោយសារកម្ពុជាមានសុខសន្តិភាព ហេតុនេះសូមប្រជាពលរដ្ឋចូលរួមការពារទាំងអស់គ្នា ដើម្បីថែរក្សា និងបន្តការអភិវឌ្ឍជាលំដាប់ទៅមុខ»

ជាមួយនឹងសមិទ្ធជាច្រើនដែលកម្ពុជា កំពុងមានក្រោមដំបូលនៃសុខសន្តិភាព ដែលនាំមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន, លោក អ៉ី លាង បានបន្ថែមថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានាជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះឆ្លុះបញ្ជាំងឱ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាសប្រកបដោយភាពអំណោយផល។

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា៖ «កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ដែលជាអាទិ៍រួមមានសិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យ បង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវពួតដៃគ្នារក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះតទៅមុខទៀត ដើម្បជាតិ និងមាតុភូមិយើង»

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នាឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកំពុងមានដូចសព្វថ្ងៃនេះឱ្យបានគង់វង្ស។

ជាមួយគ្នានេះ លោក អ៉ី លាង បានជំរុញដល់ឃុំ-ភូមិ កុំឱ្យមានអើសរើងចំពោះគ្នា ធ្វើតែអំពើល្អ និងប៉ុស្តិ៍ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព កាន់តែមានប្រសិទ្ធិភាព។ លោកក៏បានផ្តល់ភ្លើងសូឡាបានចំនួន ១៣អំពូល ដើម្បីបម្រើបំភ្លឺតាមដងផ្លូវក្នុងភូមិតាមសំណើរបស់ប្រជាពលរដ្ឋផងដែរ៕