(ភ្នំពេញ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានលើកឡើងថា ស្ថានភាពជាក់ស្តែងគឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយយើងត្រូវមើលសិទ្ធិមនុស្សក្នុងទស្សនៈទូលំទូលាយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានឆ្លើយនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិមនុស្សអាស៊ាន។

លោកបានបញ្ជាក់ដូច្នេះថា «ស្ថានភាពជាក់ស្តែងគឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ សិទ្ធិមនុស្ស គឺជាសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងពលរដ្ឋ។ យើងត្រូវមើលសិទ្ធិមនុស្សក្នុងទស្សនៈទូលំទូលាយ»។

លោកបញ្ជាក់បន្ថែមថា អង្គការសហប្រជាជាតិមានកិច្ចព្រមព្រៀង សហប្រតិបត្តិការអាស៊ានស្តីពីសិទ្ធិមនុស្ស ហើយវានឹងមានពេលពីរសប្តាហ៍ទៀត ក្នុងការជួបប្រជុំជាមួយគណៈកម្មាធិការអាស៊ានស្តីពីសិទ្ធិមនុស្ស។

«ដូចដែលខ្ញុំបានលើកឡើងកាលពីម្សិលមិញ វាជាការសំខាន់ដែលសិទ្ធិមនុស្ស ត្រូវបានគោរពយ៉ាងពេញលេញ»។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ៕