(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ និងអនុប្រធានាធិបតីឥណ្ឌា បានពិភាក្សាលើទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាពីការលើកកម្ពស់បន្ថែមទៀតលើទំនាក់ទំនងប្រទេសទាំងពីរ និងបន្តជំរុញដោយភាពស្ថាបនាលើវិស័យដែលមានស្រាប់។

សម្តេចតេជោ និងអនុប្រធានាធិបតីឥណ្ឌា ក៏បានបង្ហាញពីការការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យពាណិជ្ជកម្ម ក៏ដូចជាវិស័យដទៃទៀតដែលមានសក្តានុពល។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះ ក៏មានការប្តូរនូវឯកសារ ដែលជាកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរផងដែរ៕