(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍថាមពលបៃតង។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូលទាំងពីរបានឱ្យដឹងថា ក្រៅពីកិច្ចពិភាក្សាលើប្រធានបទជាច្រើន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធាន ADB ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាធាតុផងដែរ។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា «ក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានាស្ដីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង»

គួរជម្រាបថា ការចូលជួបពិភាក្សានេះគឺធ្វើឡើងនៅអំលុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនេះ៕