(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន បូក៣ ដែលជាកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន រួមជាមួយមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា ទីតាំងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត។

អាស៊ាន បូក៣ បានចាប់ផ្ដើមធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅឆ្នាំ១៩៩៧ ដែលពេលនោះមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី។ កិច្ចប្រជុំកំពូលរវាងអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

របាយការណ៍បានបញ្ជាក់ថា កាលពីឆ្នាំ២០២១​ ទំហំពាណិជ្ជកម្មរវាងអាស៊ាន​ ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានកើនដល់ជិត ១.១ម៉ឺនលានដុល្លារអាម៉េរិក។ ទំហំនេះ មានកំណើនប្រមាណ ២៥.១ភាគរយ ធៀបនឹងឆ្នាំ២០២០៕