(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ​​​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានកំពុងសាកសួរបន្ថែម លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿង សមគំនិតស៊កប៉ាន់សាក្សី។

លោក នី ចរិយា ដែលជាអតីតមន្រ្តីអាដហុក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីចុងខែមេសា ជាមួយមន្រ្តីអាដហុក៤រូប រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី។

លោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ចំណែកមន្រ្តី អាដហុក៤នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី ដែលពួកគេត្រូវបានសាលាដំបូងឃុំខ្លួន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦៕