(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ និងលោក ព្រុំ ស័ក្តា មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌសែនសុខ ព្រមទាំងក្រុមការងារ នៅល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះមកសួរសុខទុក្ខ និងនាំយកមកនូវអំណោយ ព្រមទាំងថវិកាមួយចំនួន ចែកជូនដល់មជ្ឈមណ្ឌលកុមារកំព្រា ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

អំណោយមេបញ្ជាការ អាវុធហត្ថទាំង២ខណ្ឌ នាំយកទៅចែកជូនកុមារកំព្រា រួមមាន៖ អង្ករ៥០បាវ, ទឹកសុទ្ធ៥០កេស, ទឹកក្រូច៣០កេស, ទឹកត្រី និងទឹកស៊ីអ៉ីវ៥០យួរ, មីយើង៥០កេសតូច, មួកការពារសុវត្តិភាព១៥ ហើយក្រុមការងារ បានចែកនំបាវចំនួន១២០នំ និងទឹកក្រូចដបតូចចំនួន១២០ ដល់កុមារកំព្រា នៅក្នុងពិធីនោះផងដែរ និងបានផ្តល់ថវិកាជូនមជ្ឈមណ្ឌលចំនួន ១៩០០ដុល្លារ ហើយសរុបថវិការួមទាំងអស់ចំនួន ៣៩៧៥ដុល្លារ៕