(ភ្នំពេញ)៖ អំឡុងបំពេញមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃ នៅព្រឹកទី១៥ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ លោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ប្រធានាធបិតីថ្មីរបស់វៀតណាម នឹងចូលបង្គំ​គាល់ព្រះមហាក្សត្រកម្ពុជា ហើយបន្តជួបជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ បន្ទាប់ពីនោះ លោកនឹងបន្តចូលជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាបន្តបន្ទាប់នៅពេលរសៀល។

លោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ប្រធានាធិបតីថ្មីរបស់វៀតណាម បានមកដល់ប្រទេសកម្ពុជា នៅម៉ោងជាង ៤៖០០រសៀល ថ្ងៃទី១៤ ខែមិថុនានេះ ដើម្បីធ្វើទស្សនកិច្ច​នៅកម្ពុជារយៈ​ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមិថុនា បន្ទាប់ពីលោកបានឡើងកាន់តំណែងផ្លូវការ។

អំឡុងទស្សនកិច្ច ក្រៅពីនោះចូលបង្គំគាល់ព្រះមហាក្សត្រ និងជួបថ្នាក់ដឹកនាំកម្ពុជា លោក ដាយខ្វាង ក៏ថ្វាយបង្គំ សម្តេចសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃរាជ បួរ គ្រី ផងដែរ។

លោក Tran Dai Quang ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតីបន្តពីលោក ត្រឿង តាន់សាង កាលពីដើមខែមេសា ឆ្នាំ២០១៦។ មុនពេលជាប់ឆ្នោតនេះ លោក Quang ធ្លាប់ជារដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ របស់ប្រទេសវៀតណាម ដែលបានកាន់តំណែងតាំងពីឆ្នាំ ២០១១៕