(ម៉ានីល)​៖ កិច្ចប្រជុំស្តីពីព្រៃឈើតំបន់អាស៊ាន ដែលមានរយៈពេលបីថ្ងៃ បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅខេត្ត ផាឡាវ៉ាន់ ភាគខាងលិចរបស់ប្រទេសហ្វីលីពីន ដែលមានតំណាងមកពីប្រទេសអាស៊ានទាំង ១០ចូលរួម ស្ថិតក្នុងគោលដៅ ការពារបរិស្ថាន និងនិរន្តរភាពព្រៃឈើក្នុងតំបន់។ នេះបើតាមការចេញផ្សាយមុននេះ បន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦។

កិច្ចប្រជុំរបស់អាស៊ានខាងលើនេះ ត្រូវបានរៀបចំឡើងដោយ បណ្តាញព្រៃឈើសង្គមអាស៊ាន (ASFN) ដែលរួមបញ្ចូល ទាំងកិច្ចសហប្រតិបត្តិការរបស់ អាស៊ាន លើវិស័យព្រៃឈើ ការបង្កើតនិងអនុវត្តន៍នយោបាយព្រៃឈើសង្គម ជាដើម។ នេះបើតាមការលើកឡើងរបស់លោក Ricardo Calderon នាយកការិយាល័យគ្រប់គ្រងព្រៃឈើហ្វីលីពីន។

លោក Calderon បានលើកឡើងថា ASFN ជាបណ្តាញរបស់រដ្ឋដែលជួយបង្កើតនយោបាយគាំពារព្រៃឈើ ជាមួយ សមាជិកដទៃទៀតមកពីអង្គការសង្គមស៊ីវិល និងក្រុមជំនាញនានាទាំងថ្នាក់ជាតិនិងអន្តរជាតិ ដើម្បីគាំពារនិង អភិរក្ស ព្រៃឈើ ដែលជាកត្តាចាំបាច់ក្នុងការរក្សាលំនឹងធម្មជាតិ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលបីថ្ងៃនេះ តំណាងមកពីប្រទេសអាស៊ានទាំង ១០ នឹងបានស្វែងយល់បន្ថែម ពីសារៈសំខាន់និងរបៀបការពារគំរបព្រៃឈើក្នុងប្រទេស និងតំបន់ ដើម្បីឲ្យតំបន់អាស៊ាន​ ក្លាយជាគំរបបៃតង ដែល ជួយរក្សាលំនឹងធម្មជាតិ និងគេចផុតពីគ្រោះមហន្តរាយធម្មជាតិអាក្រក់ៗ ជាពិសេសគ្រោះរាំងស្ងួត និង ការកើនឡើង កម្តៅជាដើម៕