(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យលើ ស្នាមមេដៃ បានដឹកនាំក្រុមការងារ ប្រជុំត្រួតពិនិត្យលើលទ្ធផល នៃការធ្វើកោសល្យវិច្ច័យស្នាមមេដៃ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ។

កិច្ចប្រជុំត្រួតពិនិត្យលើលទ្ធផល នៃការធ្វើកោសល្យវិច្ច័យស្នាមមេដៃ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នាពេលនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មការស្រាវជ្រាវបានធ្វើកោសល្យវិច្ច័យ លើស្នាមមេដៃប្រជាពលរដ្ឋ នៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ចាត់តាំងភារកិច្ច ឲ្យអនុវត្តទៅតាមជំនាញនីមួយៗ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ការចាប់ផ្តើមការធ្វើកោសល្យវិច្ច័យលើស្នាមមេដៃរបស់ប្រជាពលរដ្ឋ គឺបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យ លើស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ បានយកទៅថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដើម្បីចៀសវាងការប្រើប្រាស់ ស្នាមមេដៃបោកប្រាស់ប្រជាពលរដ្ឋ និងជាពិសេសព្រះមហាក្សត្រ។

យោងតាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ បេសកកម្មធ្វើកោសល្យវិច្ច័យ លើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្ស សង្គ្រោះជាតិ ត្រូវធ្វើ ក្នុងរយៈពេលរង្វង់៣០ថ្ងៃ។ ក្រុមការងាររបស់ អគ្គស្នងការនគរបាលជាតិ សន្យាថានឹងខិតខំប្រឹងប្រែងធ្វើរឿងនេះ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕