(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូ ម៉ាន់នី (True money) និង​ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ (CP) ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នា ស្ដីពីសហប្រតិបត្ដិការអាជីវកម្ម លើសេវាថ្លៃបង់វិក្ក័យបត្រ ដើម្បីបង្កើតភាពងាយស្រួល ដល់អតិថិជនគ្រប់ទីកន្លែង និង​គ្រប់ពេលវេលា ពិសេសសម្រាប់ភ្នាក់ងារ ចែកចាយរបស់ក្រុមហ៊ុន ស៊ី.ភី ផ្ទាល់តែម្ដងនៅទូទាំងកម្ពុជា អាចធ្វើការបង់សងថ្លៃទំនិញ ជូនក្រុមហ៊ុនបានតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ដែលមានទីតាំងជិតពួកគេបំផុត បានយ៉ាងស្រួលដោយ មិនគិតថ្លៃសេវាកម្មនោះទេ។

លោក ឧថៃ តាន់ទិភិម៉ុនថាន់ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ស៊ី.ភី បានលើកឡើង ក្នុងពិធីកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នាសណ្ឋាគារ សូហ្វីតែលភូគីត្រាថា កិច្ចសហប្រតិបត្ដិការនេះ នឹងបង្កើនសមត្ថភាពការងារ ឲ្យកាន់តែមានប្រសិទ្ធិភាព ដែលនឹងផ្ដល់ផលប្រយោជន៍ ​ដល់អតិថិជនរបស់ក្រុមហ៊ុន កាន់តែច្រើនឡើង។

លោកបន្ថែមថា «ស៊ី.ភី ខេមបូឌា ចំកាត់ បានប្រកាន់ខ្ជាប់ទៅលើគោលការណ៍ ប្រយោជន៍ចំនួន៣ គឺប្រកាន់ខ្ជាប់ទៅលើប្រទេសជាតិ, ប្រយោជន៍ប្រជាជន និងក្រុមហ៊ុន ព្រោះថា ក្រុមហ៊ុនយើងនេះ បានមានវត្ដមាននៅកម្ពុជា ២០ឆ្នាំមកហើយ ដែលដំណើរការតាមទស្សនៈវិស័យ ផ្ទះបាយរបស់ពិភពលោក ក្នុងលក្ខណៈអាជីវកម្មគ្រប់ជំនាញ និងចំណីអាហារ​ ពិសេសអាជីវកម្មគោលរបស់យើង មានបីធំៗ គឺចំណីសត្វ, ចិញ្ចឹមសត្វ និងអាជីវកម្មអាហារបំលែង»

លោក គង់ មាន នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទ្រូម៉ាន់នីប្រចាំកម្ពុជាបានថ្លែង មូលហេតុដែលក្រុមហ៊ុនទាំងពីរ សហការគ្នាលើផ្នែកនេះ ដោយសារតែនេះ ជាការបង្កភាពងាយស្រួលមួយ ដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់ចំណាយពេលវេលាយូរ មិនខាតបង់ថវិកាច្រើន ពិសេសនោះដោយក្រុមហ៊ុនទ្រូម៉ាន់នី បានសហការជាមួយធនាគារហ្វីលីព បានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ដើម្បីបម្រើសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ដូចជាវេរលុយ ដាក់លុយ ដកលុយ បង់វិក្ក័យបត្រ បើកប្រាក់បៀរវត្ស និងបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។

លោកបន្ថែមថា «លើសពីនេះទៅទៀត ដោយសំឡឹងឃើញប្រជាជនកម្ពុជា៩០% មិនវេរលុយតាមធនាគារនោះទេ ដែលជាហានិភ័យមួយសម្រាប់ពួកគាត់ ចំពោះការបាត់បង់ជាយថាហេតុ ដូច្នេះយើងមកទីនេះ ដើម្បីជួយសម្រួលតាមរយៈសេវាកម្ម ទាំងអស់នេះឲ្យបានកាន់តែរហ័ស ងាយស្រួល ព្រមទាំងមានសុវត្ថិភាពទៀតផង ដូចទៅនឹងពាក្យស្លោក របស់ក្រុមហ៊ុនយើងខ្ញុំ គឺ ដាក់ស្រួលដកស្រួល និងមានសុវត្ថិភាព ហើយពេលនេះ យើងមានភ្នាក់ងារប្រមាណជាង៥០០០ទីតាំងនៅទូទាំងកម្ពុជា ដែលនៅរង់ចាំបម្រើសេវាកម្ម ជូនអតិថិជនផងដែរ»

គួរបញ្ជាក់ថា ក្រុមហ៊ុន ទ្រូ ម៉ាន់នី ដែលមានភាពរហ័ស ងាយស្រួល សុវត្ថិភាពខ្ពស់ សន្សំសំចៃ ជាមួយនឹងថ្លៃសេវាកម្មសមរម្យ នឹងបន្ដពង្រីកភ្នាក់ងារឲ្យកាន់តែច្រើន ដើម្បីផ្ដល់ភាពងាយស្រួល ដល់អតិថិជនគ្រប់២៥ខេត្ដ-រាជធានី។ ពេលនេះ ក្រុមហ៊ុន នៅមានការិយាល័យនៅក្រៅប្រទេស ចំនួន៥ទៀត ដូចជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ហើយក្រុមហ៊ុននឹងពង្រីកអាជីវកម្មខ្លួន នៅគ្រប់ប្រទេសទាំងអស់ទូទាំងអាស៊ាន នៅចុងឆ្នាំ២០១៦នេះ៕