(ភ្នំពេញ)៖ បុរសម្នាក់ដែលបានផ្ទុះអាវុធមួយគ្រាប់ បណ្ដាលឲ្យមុខសញ្ញាល្មើសម្នាក់ស្លាប់ ពេលប្រជាពលរដ្ឋកំពុងដេញចាប់នៅតាមបណ្ដោយផ្លូវ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចូលទទួលស្គាល់កំហុសរបស់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើបានសារភាពថា មុនកើតហេតុខ្លួនបានបើកបររថយន្ត ម៉ាក Lexus570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BK-7799 មកដល់ចំណុចកើតហេតុ ឃើញសមត្ថកិច្ចស្លៀកពាក់ស៊ីវិលដេញ ជនសង្ស័យស្រែកថា ចោរៗមកដល់ចំណុចរថយន្តរបស់ខ្លួន ខ្លួនក៏ឈប់រថយន្តជួយកាក់ជនសង្ស័យ។ ប៉ុន្ដែជនសង្ស័យនោះបានប្រឹងគេច ទើបខ្លួនដកកាំភ្លើងបាញ់គំរាម តែបែជាត្រូវជនសង្ស័យមួយគ្រាប់បណ្ដាលឲ្យស្លាប់តែម្ដង។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា បុរសខាងលើជាកងកម្លាំងនៅអង្គភាពណានោះទេ ពោលកំពុងសួរនាំបន្ដ ដើម្បីចាត់ការតាមនីតិវិធី។

គួរជម្រាបថា នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានហេតុការណ៍ផ្ទុះអាវុធមួយកើតឡើង នៅតាមបណ្ដោយផ្លូវ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JG-4729 ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕