(ភ្នំពេញ)៖ «រឿងមហាភារត» ដែលមានឆ្លាក់នៅថែវប្រាសាទអង្គរវត្ត នឹងត្រូវយកមកសម្តែងបង្ហាញជូនភ្ញៀវ ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងមហោស្រពវប្បធម៌អាស៊ាន។ រឿងបុរាណមួយនេះ នឹងត្រូវសម្តែងដោយផ្ទាល់ នៅរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយប្រើមនុស្ស ៨០នាក់ មានរយៈពេល៤៥នាទី។

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងមហាភារត ទម្រង់ទស្សនីយភាពចម្រុះ នឹងត្រូវសម្តែងដោយផ្ទាល់ ដោយក្រុមសិល្បៈ នៃនាយកដ្ឋានទស្សនីយភាព និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយប្រើមនុស្ស ៨០នាក់ មានរយៈពេល ៤៥នាទី»។

រឿងមហាភារតបានហូរចូល និងជ្រួតជ្រាបខ្លាំងក្នុងសង្គមមនុស្ស នៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៉ីអាគ្នេយ៍ តាំងតែពីរវាងដើមគ្រិស្តសករាជមកម្ល៉េះ ហើយក្នុងនោះ មានប្រទេសកម្ពុជាយើងផង។ តឹកតាងសិលាចារឹក និងចម្លាក់ជាច្រើនដែលបានលើកយកឈុតឆាក នៃសាច់រឿងមហាភារតមកបង្ហាញ ដូចជាមានឆ្លាក់នៅថែវប្រាសាទអង្គរវត្ត និយាយអំពីសមរភូមិចម្បាំង នៃពពួកកៅរពនិងបាណ្ឌព ដែលអ្នកស្រាវជ្រាវហៅថា «ចម្បាំងកុរុក្សេត្រ»។

គិតមកដល់បច្ចុប្បន្ន សាច់រឿងដែលកម្ពុជាទេសបុរាណបានស្គាល់ច្បាស់ បានសាបរលាបពីការចាំរបស់ខ្មែរ។ អ្នកស្រុកខ្លះ ពិសេសអ្នកអង្គរពេលឃើញចម្លាក់នៅអង្គរវត្ត ពួកគាត់នៅចាំរលាបៗត្រង់ថា «ចម្លាក់នេះនិយាយអំពីចម្បាំងរវាងបងប្អូន» តែប៉ុណ្ណោះ។ ប៉ុន្តែ នៅបណ្តាប្រទេសអាស៉ីអាគ្នេយ៍ឯទៀត ដូចជា ឥណ្ឌូនេស៉ីជាដើម និទានកថានេះ នៅរស់រវើកក្នុងសង្គម។ អ្នកស្រុកគេស្គាល់ និងលើកយករឿងនេះមកនិទាន ឬសម្តែងជាសិល្បៈទស្សនីយភាពផ្សេងៗជាធម្មតា។

លោក ឈាង ឆដាភ័ក្ត្រ បានបន្តថា ក្នុងមហោស្រពវប្បធម៌អាស៊ាន កម្ពុជាក៏មានសម្តែងរបាំលក្ស្មីអប្សរ (កម្ពុជា) ទម្រង់របាំក្បាច់បុរាណ ដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ការបង្ហាញឧបករណ៍ភ្លេង ទម្រង់តន្រ្តី ដោយនាយកដ្ឋានទស្សនីភាព និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ការសម្តែងចម្រៀង និងរបាំព្រះរាជនិពន្ធ ទម្រង់បទព្រៃប្រសិទ្ធិ ដោយសាលាមធ្យមវិចិត្រសិល្បៈ និងនាយកដ្ឋានទស្សនីយភាព, របាំសែនដាំស្រូវ ទម្រង់របាំប្រពៃណី ដោយនាយកដ្ឋានសិល្បៈ របាំមិត្តភាពអាស៊ាន ទម្រង់របាំចម្រុះ ដោយសាលាមធ្យមវិចិត្រសិល្បៈ, របាំសាមគ្គីភាពអាស៊ាន ដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏ដូចជាការសម្តែងរបស់បណ្តាប្រទេសដទៃទៀតផងដែរ។

សូមជម្រាបថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានអញ្ជើញទស្សនាការសម្ដែងសិល្បៈសាកល្បងសម្រាប់ពិធីបើកជាផ្លូវការ និងពិធីលាងសាយភោជន៍ (Gala Dinner) នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ & ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាលាមធ្យមវិចិត្រសិល្បៈ រាជធានីភ្នំពេញ៕