(ភ្នំពេញ)៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (ទ.រ.ព.អ) លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា ការចុះធ្វើអធិការកិច្ច ជាផ្នែកមួយក្នុងការអនុវត្តឲ្យបានប្រសិទ្ធភាព នៃគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អ ជាស្នូល។

ការលើកឡើងរបស់លោក ណុប ចាន់ណារិន្ទ នាពេលនេះ បានធ្វើឡើងក្នុងគ្រាដែលដឹកនាំក្រុមការងារចុះធ្វើអធិការកិច្ច នៅរដ្ឋបាលខេត្តកំពង់ស្ពឺ មន្រ្តីសាលាដំបូងខេត្ត រដ្ឋបាលក្រុង-ស្រុក រួមនឹងមន្ទីរជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ណុប ចាន់ណារិន្ទ បន្តថា «តាមរយៈនៃការរកឃើញពីចំណុចអវិជ្ជមាន របស់នីតិបុគ្គល ឬសារវ័ន្តបុគ្គល ជាជំហានដំបូង យើងត្រូវធ្វើការកែលម្អតម្រង់ទិស ដល់មន្រ្តីរាជការ រដ្ឋបាលសាធារណៈ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ និងមន្ទីរ-អង្គភាពទាំងនោះ ឱ្យអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ សំដៅបម្រើផល​ប្រយោជន៍សាធារណៈ និងផ្តល់ជំនឿ ជឿជាក់ដល់ប្រជាជន មកលើរាជរដ្ឋាភិបាល»

លោក ណុប ចាន់ណារិន្ទ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំការផ្តាំផ្ញើសាកសួរសុខទុករបស់លោកស្រី ផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការគ្រប់អង្គភាព ប្រកបដោយក្តីនឹករលឹក និងបានជំរាបជូន ពីគោលបំណង នៃការចុះធ្វើអធិការកិច្ច ដែលមានក្នុងកម្មវត្ថុ នៃបេសកម្មចំនួនពីរជាសំខាន់ គឺពិនិត្យលើសេវាសាធារណ: និងកិច្ចលទ្ធកម្មសាធារណ:។

កម្មវត្ថុ នៃបេសកកម្មទាំងពីរខាងលើនេះ ជាការងារមួយក្នុងចំណោមការងារជាច្រើនទៀត របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឋាន: ជាសេនាធិការឲ្យរាជរដ្ឋាភិបាល លើវិស័យអធិការកិច្ច ដើម្បីចុះតាមដានពិនិត្យមើល និងរាយការណ៍ជូនប្រមុខដឹកនាំតាមឋានានុក្រម តាមរយ:លទ្ធផលអធិការកិច្ខ សំដៅធ្វើយ៉ាងណា ឲ្យការអនុវត្តបានជោគជ័យប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពអនុវត្តភារកិច្ចរបស់អង្គភាពនីមួយៗ ដែលទទួលខុសត្រូវ លើការងារគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្នុងការិយាល័យ និងនៅថ្នាក់រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង-ស្រុក សាលាដំបូងខេត្ត ពន្ធនា​គា​រខេត្ត ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាន នគរបាលក្រុង-ស្រុក ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធ។

លោក ណុប ចាន់ណារិន្ទ បានអរគុណចំពោះលោកអភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការបានល្អជាមួយក្រុមការងារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់នូវហានិភ័យ និងភាពមិនប្រក្រតី ដែលអាចកើតមានឡើង ក្នុងដំណើរការ នៃការអនុវត្ត។ ក្នុងនោះ ក៏មានការលើកសរសើរ ចំពោះអង្គភាពនានា ដែលអនុវត្តបានល្អ និងធ្វើការកែកែលម្អចំណុចអវិជ្ជមាន ជាបន្ទាន់ជាមួយគ្នាផងដែរ៕